(ឡុងដ៍)៖ ទីបំផុតបញ្ហាដ៏ធំមួយបានលេចឡើងហើយ គឺសភាជាតិរបស់អង់គ្លេសដែលហាក់មានភាពស្រពិចស្រពិលថា នឹងអាចបោះឆ្នោតគាំទ្រទៅដល់រដ្ឋាភិបាលឲ្យដំណើរការនីតិវិធី ក្នុងការចាកចេញពីសហភាពអឺរ៉ុប «Brexit» ជាហេតុដែលអាចធ្វើឲ្យគំរោងការណ៍របស់លោកស្រី ធារ៉េសា ម៉ាយ (Theresa May) ក្នុងការរៀបចំកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបជាផ្លូវការនៅចុងខែមីនាត្រូវជាប់គាំង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ទោះបីជាបែបនេះក្តីរដ្ឋាភិបាលអង់គ្លេសបានអះអាងថា ខ្លួនមានអំណាចគ្រប់គ្រាន់ក្នុងការអនុវត្តន៍មាត្រា ៥០ នៅក្នុងសន្និសញ្ញាទីក្រុងលីសបោន ដែលអាចធ្វើការពិភាក្សារឿងដំណើរការរៀបចំចាកចេញពីសហភាពអឺរ៉ុប ដោយមិនចាំបាច់មានការអនុម័តពីសមាជិកសភានោះឡើយនៅចុងខែមីនា។ ប៉ុន្តែជុំវិញបញ្ហានេះប្រធានតុលាការកំពូលលោក Lord Neuberger បាននិយាយថា «តាមរយៈការសម្រេចដោយសំឡេង ៨ លើ ៣ តុលាការកំពូលនៅ ថ្ងៃនេះសម្រេចថា រដ្ឋាភិបាលមិនអាចអនុវត្តន៍មាត្រា ៥០ ដោយគ្មានការយល់ព្រមពីសភានោះឡើយ»។
បន្ថែមពីខាងលើនេះទៀត តុលាការក៏បានផ្តល់យោបល់ឲ្យសភា ស្កុតឡេន វែលស៍ និងអៀរឡង់ខាងជើង ធ្វើការបោះឆ្នោតទៅលើមាត្រា ៥០ ឲ្យបានមុនពេលដែលវាត្រូវបានរដ្ឋាភិបាលយកទៅអនុវត្តន៍។ លោក Lord នៅបានបញ្ជាក់ទៀតថា «ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប គឺជារឿងសំខាន់ដែលអង់គ្លេសត្រូវគិតគូរឲ្យបានខ្លាំងមែនទែន»៕