(ប៊ែលហ្សិក)៖ អ្នកចូលចិត្តញាំអាហារសមុទ្រទាំងអស់កំពុងតែស្រូបយកកម្ទេចជាតិប្លាស្ទិកតូចៗ ទៅក្នុងឈាមរបស់ពួកគេ ដោយពុំបានដឹងពីផលប៉ះពាល់ចំពោះសុខភាពពួកគេនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
កម្ទិចប្លាស្ទិកខាងលើដែលមានទំហំមិនដល់មួយមីលីម៉ែត្រផងនោះ ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងលៀស និងគ្រំសមុទ្រ។ នៅក្នុងការវាយតម្លៃស្ទាបស្ទង់ហានិភ័យក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការគណនាថាកម្ទិចប្លាស្ទិចទាំងនោះជាង៩៩ភាគរយ ឆ្លងកាត់ខ្លួនប្រាណរបស់មនុស្ស ប៉ុន្តែចំនួនជិតមួយភាគរយដែលនៅសល់ត្រូវបានស្រូបយកដោយជាលិការបស់សារពាង្គកាយ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ghent ក្នុងប្រទេសប៊ែលហ្សិកជឿជាក់ថា ប្រជាជននៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបសព្វថ្ងៃកំពុងនាំយកសារធាតុប្លាស្ទិច រហូតដល់ចំនួន១១,០០០បំណែកទៅក្នុងខ្លួន តាមរយៈអាហាររបស់ពួកគេជារៀងរាល់ឆ្នាំ ហើយចំនួនកម្ទិចកម្ទីរប្លាស្ទិចទាំងនោះមិនដល់៦០នោះឡើយទំនងជាជ្រាបចូលក្នុងសារពាង្គកាយ។ ម៉្យាងវិញទៀតបរិមាណប្លាស្ទិចដែលស្រូបចេញពីអាហាររបស់យើងនឹងកើនឡើងបន្ថែមទៀត ដោយសារតែការបំពុលប្លាស្ទិចនៅក្នុងផ្ទៃទឹកសមុទ្រកាន់តែអាក្រក់ទៅៗ។
លោកវេជ្ជបណ្ឌិត Colin Janssen ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះបានថ្លែងប្រាប់សារព័ត៌មាន Sky News ថាវត្តមានរបស់សារធាតុប្លាស្ទិកនៅក្នុងខ្លួនប្រាណរបស់យើងគឺជាក្តីបារម្ភមួយ។ លោកបាននិយាយថា «ឥឡូវនេះយើងបានដឹងហើយថា សារធាតុទាំងនោះពិតជាចូលទៅក្នុងសាពាង្គកាយរបស់ពួកយើង និងអាចស្ថិតនៅទីនោះបានមួយរយៈពេល ដូច្នេះយើងចាំបាច់ត្រូវបន្តការស្រាវជ្រាវឲ្យដឹងពីជោគវាសនាប្រាកដនៃជាតិប្លាស្ទិចទាំងនោះ ដោយបច្ចុប្បន្នយើងពុំទាន់បានដឹងច្បាស់ពីរឿងទាំងអស់នេះនៅឡើយ»។
គួរបញ្ជាក់ថាកាកសំណល់ប្លាស្ទិចជាង០៨លានតោនត្រូវបានបោះចោល និងហូរចូលក្នុងសមុទ្រក្នុងមួយឆ្នាំៗ ហើយសារធាតុនេះត្រូវការចំណាយពេលវេលារាប់សតវត្សរ៍ ដើម្បីរំលាយខ្លួន៕