(អ៊ីស្ដង់ប៊ូល)៖ ឧបនាយករដ្ឋមន្ត្រីតួកគីលោក នូម៉ាន់ គូតទូលមូស (Numan Kurtulmus) បានបញ្ជាក់ចំៗ នៅថ្ងៃអង្គារនេះថា ការអះអាងដែលថាតួកគីនឹងប្រគល់ទីក្រុង Al-Bab ទៅឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាហ្សា អាល់ អាស្សាដ នៅពេលក្រុម ISIS ត្រូវបានកម្ចាត់ ឬបណ្ដេញចេញ គឺជារឿងមិនពិត ពោលគឺទីក្រុងអង់ការ៉ា គ្មានគំរោងធ្វើបែបនេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាក្រុមឧទ្ទាមស៊ីរីគាំទ្រដោយតួកគី រួមមានដូចជា កងរថក្រោះ និងកងយន្ដហោះចម្បាំងបានឡោមព័ទ្ធទីក្រុង Al-Bab តាំងតែពីខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ ចំណែកឯលោក គូតទូលមូស ក៏បានរិះគន់សហរដ្ឋអាមេរិកផងដែរថា បានបរាជ័យក្នុងការផ្ដល់ការគំាទ្រគ្រប់គ្រាន់ដល់ប្រតិបត្តិការយោធារបស់តួកគី ដើម្បីវាយដណ្ដើមទីក្រុងមួយនេះ។ ទោះបីជាបែបនេះក្តី រដ្ឋាភិបាលតួកគីមិនបានបញ្ជាក់ថា តើខ្លួននឹងត្រូវធ្វើអ្វីបន្តទៀតចំពោះទីក្រុងជាប់ព្រំដែនខាងលើនេះឡើយ ដែលប្រហែលជាត្រូវការពេលវេលាបន្ថែម ដើម្បីគ្រប់គ្រងស្ថានការណ៍ឲ្យបាន ១០០ភាគរយសិន៕