(សេអ៊ូល)៖ ការវិលត្រឡប់មកកាន់កូរ៉េខាងត្បូង ដែលបាននិងកំពុងប្រឈមមុខវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរនោះ មានសញ្ញាពុំសូវជាល្អប៉ុន្មាននោះឡើយ សម្រាប់អតីតប្រមុខដឹកនាំកំពូលនៃអង្គការសហប្រជាជាតិលោក បាន គីមូន ដែលធ្លាប់ត្រូវបានគេស្ទាបស្ទង់ថា ទំនងជានឹងអាចក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី បន្ទាប់ពីការលេចលឺថា លោកមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយរបស់ក្រុមគ្រួសារសាច់ញាតិ និងមានការចោទសួរដ៏ជជីកជាច្រើនពីសំណាក់អ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តខុសឆ្គងប្លែកៗរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានស្នើឲ្យកូរ៉េខាងត្បូង ធ្វើការចាប់ខ្លួនបងប្អូនប្រុសបង្កើតរបស់លោក បាន គីមូន គឺលោក បាន គីសាង (Ban Ki-Sang) ក្រោមបទចោទប្រកាន់ថា លោកបានជាប់ទាក់ទងនឹងគំរោងស៊ីសំណូកសូកប៉ាន់មួយ ដើម្បីលក់អគារមួយកន្លែងនៅវៀតណាម។ ជុំវិញករណីនេះលោក បាន គីមូន បានចេញមុខសូមអភ័យទោសចំពោះការដែលសមាជិកគ្រួសាររបស់លោក បានធ្វើឲ្យមានការព្រួយបារម្ភពីមជ្ឈដ្ឋានទូទៅ ដោយបាននិយាយថា «ខ្ញុំពុំបានដឹងអំពីករណីស៊ីសំណូកសូកប៉ាន់នេះឡើយ»។
ដោយឡែកការប្រព្រឹត្តបែ្លកៗរបស់អតីតអគ្គលេខាធិការយូអិនរូបនេះវិញរួមមានដូចជា នៅពេលដែលបានធ្វើដំណើរមកដល់រដ្ឋធានីសេអ៊ូលភ្លាមៗកាលពីថ្ងៃទី១២ ខែមករាកន្លងទៅនេះ លោក បាន គីមូន បានសម្រេចចិត្តជិះរថភ្លើងដឹកអ្នកដំណើរជំនួសឲ្យរថយន្តលីម៉ូ ប៉ុន្តែលោកមិនដឹងពីរបៀបនៃការទិញសំបុត្រឡើយ ដោយលោកបានព្យាយាមបញ្ចូលក្រដាសប្រាក់១០,០០០វ៉ុនចំនួនពីរសន្លឹក ទៅក្នុងម៉ាស៊ីនស្របពេលតែមួយ ដើម្បីទិញសំបុត្រដែលមានតម្លៃ៧,៥០០វ៉ុន។
ពីរថ្ងៃក្រោយមកលោក បាន គីមូន បានទៅសួរសុខទុក្ខមជ្ឈមណ្ឌលថែទាំជនចាស់ជរាមួយកន្លែង និងបានបញ្ចុកកបបរស្រ្តីវ័យចំណាស់ម្នាក់នៅទីនោះ ប៉ុន្តែរូបលោកត្រូវបានគេរិះគន់ដោយសារតែខ្លួនជាអ្នកបញ្ចុកបែរជាពាក់ក្រណាត់ទ្រាប់ ប៉ុន្តែស្រ្តីវ័យចំណាស់ម្នាក់នោះពុំបានពាក់ទៅវិញ និងដោយសារតែការបញ្ចុកអាហារដល់មនុស្សដែលដេកស្តូកស្តឹងលើផ្ទៃរាបស្មើ។ ក្រៅពីនេះទៀត លោក បាន គីមូន ក៏បានគ្រងឈុតការពារខ្លួនតាំងពីចុងសក់ដល់ចុងជើង ដើម្បីធ្វើការសាកល្បងបាញ់ថ្នាំសម្លាប់មេរោគ នៅពេលដែលមនុស្សគ្រប់គ្នាដែលនៅជុំវិញលោកស្លៀកសម្លៀកបំពាក់ធម្មតា។
គួរបញ្ជាក់ថា យោងតាមការស្ទង់មតិដែលត្រូវបានចេញនៅថ្ងៃចន្ទម្សិលមិញនេះ សំឡេងគាំទ្ររបស់លោក បាន គីមូន បានធ្លាក់ចុះពី២២.២ភាគរយកាលពីសប្តាហ៍មុន មកនៅត្រឹម១៩.៨ភាគរយ ដោយប្រៀបនឹងសំឡេងគាំទ្រ២៩.១ភាគរយរបស់លោក មូន ជែអ៊ីន (Moon Jae-In) ដែលជាអតីតប្រធានគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង៕