(បាដាត)៖ មេបញ្ជាការកងទ័ពអ៊ីរ៉ាក់ លោក Abdul Ameer Rasheed Yarallah បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កម្លាំងអ៊ីរ៉ាក់បាននិងកំពុងចាប់ផ្ដើមរៀបចំការវាយលុកដណ្ដើមយកតំបន់ភាគខាងលិចទីក្រុង Mosul បន្ថែមទៀត បន្ទាប់ពីការទទួលបានជោគជ័យជាច្រើនទីតាំងមកហើយ នៅក្នុងបេសកកម្មរំដោះទីក្រុងដែលត្រូវបានក្រុម ISIS ប្រើប្រាស់ជាមូលដ្ឋានស្នូលជិតបីឆ្នាំមកហើយនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ការប្រកាសនេះត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអ៊ីរ៉ាក់អះអាងកាលពីថ្ងៃចន្ទម្សិលមិញថា ពួកគេបានវាយដណ្ដើមយកតំបន់ភាគខាងជើងទីក្រុង Mosul ពីពួក ISIS ក្រោយវាយប្រយុទ្ធគ្នាជិត១០០ថ្ងៃមកនេះ។ ដោយឡែកបើតាមការបញ្ជាក់ប្រាប់ស្ថានីយ៍ទូរទស្សន៍ Mosuliya TV លោក Rasheed Yarallah បានថ្លែងថា កងកម្លាំងអ៊ីរ៉ាក់កំពុងរៀបចំប្រតិបត្តិការត្រៀមវាយលុកនៅរយៈពេលពីរឬបីថ្ងៃ ខាងមុខនេះ ដើម្បីវាយយកតំបន់ត្រើយខាងកើតនៃទីក្រុង Mosul ស្ថិតនៅតាមបណ្ដាភាគខាងលិចនៃទន្លេ Tigris ពីក្រុមរដ្ឋអ៊ីស្លាម ISIS ត្រឡប់មកវិញ។
គួរបញ្ជាក់ថាក្រុមកងកម្លំាងដែលបណ្ដុះបណ្ដាលដោយអ៊ីរ៉ង់ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៤ ក៏នឹងត្រូវចូលរួមនៅក្នុងប្រតិបត្តិការយោធានេះដែរ។ កងម្លាំងទំាងនេះបានក្លាយជាផ្នែកមួយនៃកងទ័ពអ៊ីរ៉ាក់ជាផ្លូវការ កាលពីឆ្នាំ២០១៦៕