(វ៉ាស៊ីនតោន)៖ ដោយផ្ទុយពីមតិយល់ឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអាចធ្លាក់ចូលជ្រៅក្នុងភាពមិនច្បាស់លាស់ និងអស្ថិរភាពនៅក្រោមការដឹកនាំនៃរដ្ឋបាលលោក ដូណាល់ ត្រាំ នោះ អ្នកជំនាញជាច្រើនរូបបានលើកឡើងថា មហាអំណាចពិភពលោកទាំងពីរនេះអាចជៀសវាងជោគវាសនាអាក្រក់ទាំងឡាយបាន ដោយការចាប់ផ្តើមកិច្ចសន្ទនារវាងគ្នានិងគ្នាឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ចាប់តាំងពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត រហូតដល់បានក្លាយជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តរិះគន់ខ្លាំងៗលើប្រទេសចិន ចំពោះការខាតបង់នៅក្នុងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការបាត់បង់ការងាររបស់សហរដ្ឋអាមេរិក។ បន្ថែមពីនេះរូបលោកក៏បានគំរាមនឹងតំឡើងថ្លៃពន្ធក្នុងកម្រិតខ្ពស់ ទៅលើទំនិញរបស់ចិនផងដែរ ដោយមិនគិតពីការខាតប្រយោជន៍ចំពោះភាគីទាំងពីរនោះឡើយ ស្របពេលដែលសេដ្ឋកិច្ចរបស់អាមេរិក និងចិនត្រូវបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។ ម៉្យាងវិញទៀតលោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា «គោលនយោបាយចិនតែមួយ» ដែលសំខាន់បំផុតសម្រាប់ទីក្រុងប៉េកាំងនោះ នឹងត្រូវធ្វើការចរចាឡើងវិញផងដែរ។
មនុស្សគ្រប់គ្នាបានមើលឃើញយ៉ាងច្បាស់ហើយថា លោក ដូណាល់ ត្រាំ ដែលទើបតែបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកបន្តពីលោក បារ៉ាក់ អូបាម៉ា បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាន់ជំហរតឹងរ៉ឹង ចំពោះប្រទេសចិនជុំវិញបញ្ហាជាច្រើន ហេតុដូច្នេះហើយអ្នកជំនាញអាមេរិកជាច្រើនរូបសង្ឃឹមថាប្រទេសទាំងពីរអាចស្វែងរកដំណោះស្រាយដ៏សមស្របថ្មីមួយតាមរយៈការពិភាក្សាដែលគួរតែធ្វើឡើងឲ្យបានឆាប់បំផុត ដោយពួកគេយល់ស្របថា បញ្ហាជម្លោះផ្សេងៗនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក និងចិន៕