(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយចិនមួយនៅក្នុងតំបន់បានរាយការណ៍ថា កងអង្គភាពមួយក្នុងចំណោមកងអង្គភាពមីស៊ីលអន្តរទ្វីប Dongfeng-41 (DF-41) ទំាងបីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងទំនងជាបានដាក់ពង្រាយគ្រាប់មីស៊ីល ដែលអាចមានសមត្ថកិច្ចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅភាគខាងជើងខេត្ត Heilongjiang ជាប់តំបន់ព្រំដែនជាមួយប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Apple Daily newspaper កងអង្គភាពមីស៊ីលអន្តរទ្វីប DF-41 ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុង Daqinq ខណៈកងអង្គភាពផ្សេងទៀតត្រូវបានដាក់ពង្រាយនៅឯទីក្រុង Xinyang ស្ថិតក្នុងខេត្ត Henan នៃភាគកណ្ដាលប្រទេសចិន។ ចំណែកឯកងអង្គភាពមីស៊ីលទីបី គួរតែអាចនឹងត្រូវបញ្ជូនទៅកាន់តំបន់ភាគពាយ័ព្យនៃតំបន់ស្វយ័ត Xingjiang។
គួរបញ្ជាក់ថា Dongfeng-41 ឬ DF-41 គឺជាប្រភេទមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ចំគោលដៅនៅចំងាយរហូតដល់ទៅ ១៤,០០០ គីឡូម៉ែត្រពីទីតាំងបាញ់ចេញ៕