(ញូយ៉ក)៖ ប្រធានអ្នកចរចា Brexit នៃសភាសហភាពអឺរ៉ុបនៅថ្ងៃអង្គារនេះបានថ្លែងថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការដកខ្លួនចេញពី EU បានផ្តល់ឱកាសដ៏ល្អមួយដល់ការធ្វើកំណែងទម្រង់ នៅក្នុងសហភាពអឺរ៉ុបផ្ទាល់ និងជៀសវាងការបែកបាក់គ្នាបន្ថែមទៀតនាពេលអនាតគ នៅក្នុងចំណងទាក់ទងរវាងសមាជិកដែលនៅសេសសល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
អតីតនាយករដ្ឋមន្រ្តីប៊ែលហ្សិក និងជាសមាជិកនៃគណកម្មការអឺរ៉ុបលោក Guy Verhofstadt បាននិយាយថា «ការពិភាក្សា Brexit គឺជាឱកាសដ៏ល្អមួយមិនត្រឹមតែសម្រាប់ធ្វើកិច្ចពិភាក្សា និងចរចាលើកិច្ចព្រមព្រៀងថ្មីមួយ ឬក៏ភាពជាដៃគូសហការថ្មីជាមួយចក្រភពអង់គ្លេសនោះឡើយ ប៉ុន្តែក៏សម្រាប់ធ្វើការក្រើនរំលឹកថា ឥឡូវនេះវាដល់ពេលដែលគួរមានរដ្ឋាភិបាលពិតប្រាកដមួយនៅក្នុងអឺរ៉ុបហើយ»។ បន្ថែមពីនេះលោក Verhofstadt បានលើកឡើងទៀតថា «ជាជាងការដកថយ និងប្រេះស្រាំ សហភាពអឺរ៉ុបត្រូវតែប្រឹងរួបរួមសាមគ្គីគ្នាបន្ថែមទៀត»។
គួរបញ្ជាក់ថាកាលពីខែមិថុនា ឆ្នាំ២០១៦ ប្រជាជនអង់គ្លេសបានបោះឆ្នោតជាមួយនិងសំឡេង ៥២-៤៨ភាគរយ ដើម្បីគាំទ្រឲ្យប្រទេសរបស់ពួកគេចាកចេញពីសហភាពអឺរ៉ុបដែលបានបង្កឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាល និងការតែងតាំងលោកស្រី Theresa May ជានាយករដ្ឋមន្រ្តី ហើយនៅថ្ងៃទី១៧ ខែមករា លោកស្រី May បាននិយាយថា ចក្រភពអង់គ្លេសនឹងចាកចេញពីទីផ្សារអឺរ៉ុបតែមួយ នៅពេលដែលចាកចេញពីសហភាពអឺរ៉ុប ខណៈលោកស្រីក៏មានបំណងចង់ចាប់ផ្តើមនីតិវិធី Brexit ឲ្យបាននៅចុងខែមីនាខាងមុខនេះ៕