(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោក ស៊ីន ស្ពៃសឺ (Sean Spicer) បានអះអាងថា រដ្ឋបាលអាមេរិក ថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងធ្វើការងារជាមួយរុស្ស៊ី ឬមិនថានរណាក៏ដោយឱ្យតែអាចកម្ទេចក្រុម ISIS កាន់តែឆាប់កាន់តែល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ស៊ីន ស្ពៃសឺ បានលើកឡើងដូច្នេះថា «បើសិនជាវាជាមធ្យោបាយ ដែលយើងអាចកម្ទេចក្រុម ISIS យើងនឹងសហការជាមួយបណ្ដាប្រទេសទាំងឡាយ មិនថារុស្ស៊ី ឬនរណាក៏ដោយ ហើយយើងនឹងចែករំលែកផលប្រយោជន៍ជាតិនៅក្នុងការងារនេះ»។ ក៏ប៉ុន្តែ នៅពេលអ្នកសារព័ត៌មានជជីកសួរ «ពាក្យថានរណាក៏ដោយ» តើទីក្រុងវ៉ាស៊ីនតោនចង់មានន័យថា នឹងយល់ព្រមសហការជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ ដែរឬទេ? លោក ស្ពៃសឺ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបានបង្វែរសំណួរទៅកាន់ក្រសួងការពារជាតិ។
គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទម្សិលមិញ កិច្ចចរចាសន្តិភាពស្ដីពីស៊ីរីរវាងរដ្ឋាភិបាល និងក្រុមប្រឆាំងស៊ីរី ដែលគ្មានការចូលរួមពីសហរដ្ឋអាមេរិក រៀបចំឡើងក្នុងរដ្ឋធានីអាស្ដាណា នៃប្រទេសកាហ្សាក់ស្ថាន បានចាប់ផ្ដើមឡើងហើយ។ ក៏ប៉ុន្តែនៅថ្ងៃដំបូងនៃកិច្ចចរចានេះ ប្រធានក្រុមរៀបចំកិច្ចចរចានៃរដ្ឋាភិបាលលោក អាស្សាដ និងក្រុមប្រឆាំងស៊ីរីបានផ្លោងសម្ដីដាក់គ្នាដោយចោទប្រកាន់ទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ពាក់ព័ន្ធនឹងប្រទេសស៊ីរីផងដែរ បើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរីមនុស្សជាង ៣០០,០០០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងជិត១១លាននាក់ផ្សេងទៀតបានផ្លាស់ប្ដូរទីលំនៅ ឬក៏ភៀសខ្លួន ទៅកាន់ប្រទេសជិតខាងឬក៏អឺរ៉ុប៕