(វ៉ាស៊ីនតោន)៖ នៅថ្ងៃអង្គារនេះសេតវិមានក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសចិនថា សហរដ្ឋអាមេរិកនឹងប្តេជ្ញាការពារផលប្រយោជន៍អន្តរជាតិនៅតំបន់សមុទ្រចិនខាងត្បូង ហើយការធ្វើពាណិជ្ជកម្មត្រូវតែផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
លោក សន ស្ប៉ៃស័រ (Sean Spicer) មន្រ្តីទទួលបន្ទុកសន្និសីទសារព័ត៌មានប្រចាំសេតវិមានរបស់លោក ដូណាល់ ត្រាំ បានថ្លែងថា «ខ្ញុំយល់ថាសហរដ្ឋអាមេរិកនឹងធ្វើយ៉ាងណាធានាថា យើងកំពុងការពារផលប្រយោជន៍របស់ពួកយើងនៅទីនោះ ហើយបើសិនជាបណ្តាប្រជុំកោះសិប្បនិម្មិតទាំងប៉ុន្មានធាតុពិតស្ថិតនៅក្នុងដែនទឹកអន្តរជាតិ ហើយមិនមែនស្ថិតក្នុងចំណែកត្រឹមត្រូវរបស់ចិនវិញនោះប្រាកដណាស់យើងនឹងធានាថាពួកយើងការពារផលប្រយោជន៍អន្តរជាតិ ពីការរំលោភបំពានទាំងស្រុងដោយប្រទេសមួយ»។
ជាមួយគ្នានេះដែរលោក សន ស្ប៉ៃស័រ បានបង្ហាញគោលជំហរតឹងរ៉ឹងទៅលើការធ្វើពាណិជ្ជកម្មផងដែរ ដោយបានលើកឡើងថា ក្បួនច្បាប់ដែលមានស្រាប់សព្វថ្ងៃនេះមានភាពលម្អៀងទៅរកការនាំចេញទំនិញពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិក និងបានធ្វើឲ្យការងារជាច្រើនកន្លែងខ្ទាតចេញពីដៃប្រជាជនអាមេរិក។ លោក ស្ប៉ៃស័រ បានបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានជ្រាបយ៉ាងច្បាស់ថាក្រុមហ៊ុនអាមេរិក ត្រូវការវាយលុកចូលទីផ្សារដ៏ធំបំផុតលើពិភពលោករបស់ចិន ប៉ុន្តែលោកប្រធានាធិបតី មិនបានត្រៀមលក្ខណៈដើម្បីទទួលស្គាល់ថា ការព្រមព្រៀងគ្នាបច្ចុប្បន្នបន្តទៅមុខទៀតបាននោះឡើយ។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ មានទំនោរប្រឆាំងប្រទេសចិនតាំងពីអំឡុងការឃោសនារកសំឡេងឆ្នោត និងក្រោយការទទួលបានជោគជ័យមកម្ល៉េះ ហើយខណៈដែលលោក ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការហើយនោះ គេពុំទាន់ច្បាស់នោះឡើយថាអនាគតនៃទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ នឹងក្លាយទៅជាយ៉ាងណា៕