(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីននៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសសិង្ហបុរីបានលើកឡើងថា តំបន់អាស៊ីអាគ្នេយ៍មិនមែនជាទីកន្លែងសម្រាប់មហាអំណាចនានា ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកធ្វើការប្រកួតប្រជែងឥទ្ធិពលគ្នានោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីនខាងលើនេះ គឺចង់សំដៅទៅលើបញ្ហាដ៏រសើបមួយក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាទីតាំងសម្បូរទៅដោយធនធានរ៉ែធម្មជាតិដ៏ក្រាស់ក្រែល ព្រមទាំងជាច្រកសេដ្ឋកិច្ចពិភពលោកដ៏សំខាន់បំផុតមួយផងដែរ។ ប្រការនេះហើយវាបានធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ស្ទើរទាំងមូលបានក្លាយជាទីតាំងតម្លើងសាច់ដុំដាក់គ្នារវាងមហាអំណាច ដូចជាចិន និងសហរដ្ឋអាមេរិកជាដើម។
នៅក្នុងកិច្ចប្រជុំសន្តិសុខមួយនៅសិង្ហបុរីលោក Delfin Lorenzana រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានបង្ហាញទស្សនរបស់លោកដូច្នេះថា «ក្នុងខណៈនេះ យើងចង់ធ្វើការរំលឹកទៅកាន់មិត្តៗរបស់យើងថា ប្រសិនបើអាចទៅរួចនោះ សូមកុំប្រើប្រាស់តំបន់អាស៊ាន ធ្វើជាទីតាំងនៃការប្រកួតប្រជែងឥទ្ធិពលគ្នា។ យើងនឹងធ្វើការអះអាងម្តងទៀតអំពីការរួបរួមគ្នាជាធ្លុងមួយរបស់អាស៊ាន ប្រឈមមុខនឹងការប្រកួតប្រជែងអំណាចទាំងអស់នោះ ជាពិសេសគឺសេចក្តីថ្លែងការណ៍រួមនៃសមុទ្រចិនខាងត្បូង»៕