(សេអ៊ូល)៖ ខណៈដែលកូរ៉េខាងជើងកាន់តែបង្កើនឥទ្ធិពលនៃអាវុធទំនើបៗរបស់ខ្លួននោះ ទីក្រុងសេអ៊ូលក៏មិនអាចអង្គុយចាំរងគ្រោះនោះដែរ ដោយពេលនេះយោធាកូរ៉េខាងត្បូងកំពុងរៀបចំបង្កើនសមត្ថភាពផ្នែក ស៊ើបការណ៍ និងត្រួតពិនិត្យដើម្បីជាការត្រៀមខ្លួនទប់ទល់នឹងអាវុធប្រល័យលោក ដូចជាគ្រាប់មីស៊ីល និងនុយក្លេអ៊ែរជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
នៅក្នុងឆ្នាំ២០១៧នេះ យោធារបស់កូរ៉េខាងត្បូងនឹងធ្វើការពង្រាយប្រព័ន្ធសព្វាចំនួន ១០គ្រឿងថ្មីដើម្បីធ្វើការដោះស្រាយឲ្យបានប្រសើរជាងមុន ទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកទំនើបៗប្រកបដោយឥទ្ធិពលរបស់កូរ៉េខាងជើង។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងជើងចំពោះផែនការនានា ដែលនឹងត្រូវអនុវត្តន៍នៅក្នុងឆ្នាំថ្មី។
គួរបញ្ជាក់ថាប្រព័ន្ធថ្មីដែលកូរ៉េខាងត្បូងគ្រោងនឹងដាក់ពង្រាយនោះមានដូចជា យានយន្តបំពាក់ប្រព័ន្ធស៊ើបការណ៍រក អាវុធគីម ជីវសាស្ត្រ និងវិទ្យុសកម្ម (CBR), ប្រព័ន្ធ Sonar និងរ៉ាដាដើម្បីតាមដាននាវាមុជទឹក (TASS), និងនាវាចម្បាំង Ulsan ដែលទើបតែធ្វើការអភិវឌ្ឍ និងបំពាក់បច្ចេកវិទ្យាថ្មីដែលទំនើបជាងមុន។ នាដើមសប្តាហ៍នេះដែរមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងថា ការព្រមានធ្វើតេស្តមីស៊ីលថ្មីៗរបស់កូរ៉េខាងជើងនាដើមឆ្នាំនេះ គឺជាសញ្ញាដែលជំរុញឲ្យកូរ៉េខាងត្បូងត្រូវតែបំពាក់ប្រព័ន្ធមីស៊ីល THAAD៕