(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកសភាអាមេរិក បានយល់ព្រមបោះឆ្នោតអនុម័តទទួលស្គាល់ហើយ លោក ម៉ាច ប៉ុមផេអូ (Mike Pompeo) ជានាយកទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ CIA ក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។
ការបោះឆ្នោតអនុម័ត ធ្វើឡើងដោយចំណាយពេលវេលាយូរជាងធម្មតា ត្បិតត្រូវទុកពេលឱ្យព្រឹទ្ធសមាជិកសភាមួយចំនួន ដែលមានការយឺតយ៉ាវ ដោយសារតែ ខ្យល់ព្យុះ។ ក៏ប៉ុន្តែនៅទីបំផុតព្រឹទ្ធសមាជិកសភា បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៦៦ ទល់នឹង៣២ សំឡេង ទទួលស្គាល់ លោក ម៉ាច ប៉ុមផេអូ ជានាយក ទីភ្នាក់ងារស៊ើបការសំងាត់ CIA ខណៈព្រឹទ្ធសមាជិកសភាមួយរូប មកពីគណបក្សសាធារណៈរដ្ឋ លោក រ៉េន ប៉ូល (Rand Paul) បានបោះឆ្នោតជំទាស់។
ថ្លែងនៅក្នុងឱកាសនោះដែរ ព្រឹទ្ធសមាជិកសភារដ្ឋ តិចសាស់ លោក វីប ចន ខននីន (Whip John Cornyn) បាននិយាយថា «ខ្ញុំចង់ទាញចំណាប់អារម្មណ៍ អ្នកទាំងអស់គ្នាឡើងវិញ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ពីព្រោះប្រទេសរបស់យើងនៅតែបន្តប្រឈមមុខនឹងការគំរាមកំហែងមិនគួរឱ្យជឿ ហើយការគំរាមកំហែងនេះទៀតសោត មិនមែនអាចដោះស្រាយបានគ្រាន់តែ «ចុចប៊ូតង់បញ្ឈប់»នោះទេ»។
គួរបញ្ជាក់ថា តាមរយៈគំនិតធ្វើការតាមដានតាមប្រព័ន្ធអេឡិចត្រូនិច និងការធ្វើទារុណកម្ម របស់លោក ម៉ាច ប៉ុមផេអូ បានធ្វើឱ្យព្រឹទ្ធសមាជិកសភា ភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យផ្ទុះកំហឹង និងជំទាស់យ៉ាងខ្លំាងចំពោះការតែងតាំងរូបលោក ជានាយក CIA។ ដោយឡែកកាលពីថ្ងៃចន្ទ លោក រ៉ិចធៀលលឺ សុន ដែលត្រូវបានលោកត្រាំជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស ក៏ត្រូវបានគណៈកម្មាការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បោះឆ្នោតគំាទ្រផងដែរ ដោយនៅរង់ចាំតែការ ទទួលស្គាល់ទាំងស្រុងពីព្រឹទ្ធសភាប៉ុណ្ណោះ៕