(គូឡាឡាំពួរ)៖ ប៉ូលីសម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានជនបរទេស៣នាក់ ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុម សកម្មប្រយុទ្ធ ISIS មានមូលដ្ឋាននៅតំបន់ភាគខាងត្បូង ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
យោងតាមប៉ូលីសម៉ាឡេស៊ី ជនសង្ស័យទាំងបួននាក់ខាងលើរួមមាន ជនជាតិហ្វីលីពីនម្នាក់ អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដែស២នាក់ អាយុ២៧ឆ្នាំ និង២៨ឆ្នាំ ព្រមទាំងស្ត្រីម្នាក់មានអាយុ២៧ឆ្នាំ ជាជនជាតិម៉ាឡេស៊ី។ ពួកគេទាំងនេះត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុង សាបាស (Sabah) និងទីក្រុងគូឡាឡាំពួរ នៅចន្លោះ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា កន្លងទៅនេះ ក្រោមបទសង្ស័យជាប់ទាក់ទិននឹងក្រុម ISIS ក្នុងការរៀបចំគំរោងបង្កើតចំណុចឆ្លងកាត់សម្រាប់ក្រុមភេរវករ ពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅកាន់កោះមិនដាណាវ នៃប្រទេសហ្វីពីន។
គួរបញ្ជាក់ថា បើតាមប៉ូលិសម៉ាឡេស៊ី ខ្សែបណ្ដាញក្រុម ISIS ថ្មីនេះ មានមូលដ្ឋាននៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន គឺត្រូវបានបង្កើតឡើងដោយអតីត សាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Malaya មានឈ្មោះថា Mahmud Ahmad ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយឧទ្ទាម Abu Sayyaf៕