(ប៉េកាំង)៖ តុលាការប្រទេសចិននៅថ្ងៃចន្ទនេះ បានផ្តន្ទាទោសអតីតអនុប្រធាននៃស្ថាប័នប្រឹក្សាកំពូលរបស់រដ្ឋសភា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈប្រតិបត្តិការជីកឬសគល់នៃអំពើពុករលួយរបស់ប្រធានាធិបតីចិន លោក ស៊ីន ជិនពីង នៅតែបន្តអនុវត្តន៍យ៉ាងក្តៅគគុក។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
លោក Su Rong គឺជាអនុប្រធានមួយក្នុងចំណោមអនុប្រធានទាំង ២៣រូបរបស់ស្ថានប័ននានានៅក្នុងរដ្ឋសភាចិន ដែលតែងតែបង្ហាញសកម្មភាពយ៉ាងផុសផុលក្នុងនាមជាមន្ត្រីជាន់ខ្ពស់ ហើយលោកបានទទួលការស៊ើបអង្កេតកាលពីឆ្នាំ២០១៤ និងក្រោយមកក៏បានរកឃើញថា លោកមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ជាមួយទឹកប្រាក់ ១១៦លានយ័ន ស្មើនឹង ១៦.៩២លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ចាប់តាំងពីលោក ស៊ី ជិនពីង ឡើងកាន់អំណាចកាលពីឆ្នាំ២០១៣មក មន្ត្រីកំពូលៗចិន និងសូម្បីមហាសេដ្ឋីជាច្រើនរូបទៀត ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅកាត់ទោសនៅតុលាការ ដោយសារតែរឿងពុករលួយ និងការប្រព្រឹត្តអំពើខ្មៅងងឹតក្នុងសង្គម។ ទោសទណ្ឌដែលពួកគេបានទទួលមានដូចជា ការកាត់ទោសប្រហារជីវិត និងជាប់គុកមួយជីវិត សម្រាប់ទោសដែលធ្ងន់បំផុត៕