(ហ្គាំប៊ី)៖ កងកម្លាំងយោធាក្នុងតំបន់អាហ្វ្រិកខាងលិច បានចូលទៅដល់រដ្ឋធានី Banjul នៃប្រទេសហ្គាំប៊ីហើយ ដោយគ្រប់គ្រងវិមានប្រធានាធិបតីនៅថ្ងៃអាទិត្យ ម្សិលមិញតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់អតីតប្រធានាធិបតីលោក Yahya Jammeh យល់ព្រមប្រគល់អំណាច និងចាកចេញពីប្រទេសកាលពីយប់ថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ប្រទេសហ្គីណេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ កងកម្លាំងយោធាមកពីសហគមន៍សេដ្ឋកិច្ចនៃបណ្ដារដ្ឋអាហ្រ្វិកខាងលិច ឬ Ecowas បានជួបឧបសគ្គបន្តិចបន្ដួច នៅពេលព្យាយាមសម្រុកចូលវិមានប្រធានាធិបតីដោយសារតែក្រុមអង្គរក្សរបស់លោក Yahya Jammeh បានដាក់របាំងការពារ។ ការប៉ះទង្គិចដោយអាវុធពុំ ត្រូវបានគេរាយការណ៍ឡើយ រីឯយោធាហ្គាំប៊ីម្នាក់បាននិយាយថា «នៅទីនេះគ្មានបញ្ហាអ្វីទេ»។
យើងចង់បានសន្តិភាពព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា»។ ជាងនេះទៅទៀត ប្រជាជនហ្គាំប៊ី នៅក្នុងរដ្ឋធានី Banjul ក៏បានអបអរសារទរផងដែរ ចំពោះការយល់ព្រមប្រគល់អំណាចទៅឱ្យ ប្រធានាធិបតីហ្គាំប៊ីថ្មី លោក Adama Barrow ដែលកំពុងស្ថិតនៅក្នុងប្រទេសសេណេហ្គាល់។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងការអបអរនេះទីប្រឹក្សាលោក Barrow បានអះអាងថា ថវិកាជាតិជាង ១១លានដុល្លារអាមេរិក បានបាត់ចេញពីរតនាគារជាតិ បន្ទាប់ពីលោក Yahya Jammeh ចាកចេញពីប្រទេស។
គួរបញ្ជាក់ថា វិបត្តិនយោបាយនៅក្នុងប្រទេសហ្គាំប៊ី បានកើតឡើង ក្រោយពីលោក Jammeh បដិសេធមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបាន ចាញ់លោក Barrow កាលពីខែធ្នូ ឆ្នាំ២០១៦៕