(អង់ការ៉ា)៖ យោធាតួកគីបានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន៦៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធាមួយនៅទីក្រុង Al-Bab ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី នារយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ ២០១៧។
ប្រភពដដែលបានឱ្យដឹងដែរថា យោធាតួកគីបានវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងប្រមាណជា ១៩៦កន្លែងរបស់ក្រុម ISIS ក្នុងនោះរួមមាន ទីកន្លែងលាក់ខ្លួនមូលដ្ឋានយោធា ទីបញ្ជាការ ព្រមទាំងអាវុធ និងយានយន្ដជាច្រើន។ បន្ថែមពីលើនេះបើគិតជារួម បូកទាំងការវាយប្រហារទីក្នុងទីក្រុង Tadif និងទីក្រុង Uwayshiyah ឧបករណ៍បំផ្ទុះជាង៣,១១៣គ្រាប់ និងគ្រាប់មីន៥៥គ្រាប់ត្រូវបានបំផ្លាញចាប់តាំងពីយោធាតួកគីចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាឈ្មោះថា Euphrates ដើម្បីប្រឆាំងនឹងក្រុម ISIS ក្រុមឧទ្ទាមឃើដ YGP និងPYD កាលពីខែសីហាមក។
គួរបញ្ជាក់ថានៅថ្ងៃចន្ទនេះដែរ កិច្ចចរចាសន្តិភាពស្ដីពីប្រទេសស៊ីរី រវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងស៊ីរី បានចាប់ផ្ដើមធ្វើឡើងហើយ នៅក្នុងរដ្ឋធានីអាស្ដាណា ប្រទេសកាហ្សាក់ស្ថាន ក្រោមកិច្ចសម្របសម្រួល ដោយប្រទេសតួកគី និងរុស្ស៊ី៕