(ស៊ីដនី)៖ ភ្លើងឆេះព្រៃដែលបាន និងកំពុងវាយលុកភាគខាងលិចប្រទេសអូស្ត្រាលី ដែលជារឿងគ្មាននរណានឹកស្មានដល់នោះ បានឈានដល់តំណាក់កាលគ្រប់គ្រងលែងបានហើយ ខណៈអាជ្ញាធរពន្លត់អគ្គីភ័យកំពុងពង្រាយកម្លាំងពន្លត់ និងជម្លៀសប្រជាជនដែលងាយរងគ្រោះចេញពីទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ភ្លើងបានបន្តលេបត្របាក់តំបន់ជាយភាគខាងត្បូង និងខាងលិច ជាពិសេសភាគខាងជើងនៃតំបន់ Orana ដែលអាយុជីវិតប្រជាជនជាច្រើនអាចនឹងទទួលរងការគំរាមកំហែង ប្រសិនបើមិនអាចជម្លៀសចេញទាន់ពេលវេលា។ នាយកដ្ឋានពន្លត់អគ្គីភ័យបានចេញសារព្រមានៗធ្ងន់ ទៅកាន់ប្រជាជនតំបន់ខាងលើនេះថា «អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ! ត្រូវជម្លៀសខ្លួនចេញភ្លាមទៅដើម្បីអាយុជីវិត។ ប្រសិនបើមានផ្លូវ ត្រូវតែចេញទៅរកកន្លែងដែលមានសុវត្ថិភាព»។
ចាប់តាំងពីថ្ងៃទី០៨ ខែមករាមក ភ្លើងឆេះព្រៃបានកើតមានឡើងជាបន្តបន្ទាប់ នៅតាមតំបន់ភាគខាងលិច ឈាងខាងត្បូងប្រទេសអូស្ត្រាលី ជាពិសេសតំបន់ជុំវិញទីក្រុង Perth ខណៈត្រូវបានបង្ក្រាប និងរលត់ទៅវិញជាបន្តបន្ទាប់។ ប៉ុន្តែឈានមកដល់ល្ងាចថ្ងៃអាទិត្យ ភ្លើងឆេះព្រៃក៏បានកញ្ជ្រោលឡើងវិញ និងបានរាលដាលបង្កការប្រកាសអាសន្ននៅវេលាម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃចន្ទ ទី២៣ ខែមករា នៅតំបន់ Orana និងMilpara៕