(អាមេរិក)៖ ក្រុមមន្ត្រីអាមេរិកបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះថូណាដូ បានកើនឡើងដល់១៨នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅឯភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
ខ្យល់ព្យុះកំបុតត្បូងថូណាដូ (Tornado) ដែលបក់បោកក្នុងល្បឿន២១៨គីឡូម៉ែត្រក្នុងមួយម៉ោងបានវាយប្រហារមកលើតំបន់ជាច្រើន ក្នុងនោះរដ្ឋចរជៀ (Georgia) មានមនុស្ស១៤នាក់ស្លាប់ និងរដ្ឋមីស៊ីស៊ីបពី (Mississippi) មានមនុស្ស០៤នាក់ស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅ។ ជាងនេះទៅទៀតអភិបាលរដ្ឋចរជៀ លោក Nathan Deal ក៏បានប្រកាសពីភាពអាសន្នផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីទំហំខូចខាតនោះឡើយ ស្របពេលមនុស្ស៥២នាក់បានរងរបួស រីឯផ្ទះ៤៨០ខ្នងត្រូវបានបំផ្លិចបំផ្លាញ។
គួរបញ្ជាក់ថាបើតាមអាជ្ញាធរឧតុនិយមអាមេរិក ផ្គររន្ទះជាច្រើន និងចំហាយខ្យល់ព្យុះកំបុតត្បូងថូណាដូ អាចនឹងនៅតែមានឥទ្ធិពលនៅក្នុងរដ្ឋផ្លូរីដា និងភាគខាងត្បូងនៃរដ្ឋចរជៀ៕