(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកថ្មី លោកដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ មកកាន់ទីក្រុងវ៉ាស៊ីនតោន នៅខែកុម្ភៈខាងមុខនេះ ហើយដែលការអញ្ជើញនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរបន្ទាប់ពីលោក ត្រាំ បានស្បថចូលកាន់តំណែងជាផ្លូវការបានពីរថ្ងៃប៉ុណ្ណោះ។ នេះបើតាមការប្រកាសពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដកស្រង់ដោយសារព័ត៌មាន ABC News នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
ខុទ្ទកាល័យលោក ណឺតាន់យ៉ាហ៊ូ បានឱ្យដឹងទៀតថា «កាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវបញ្ជាក់ក្នុង ពេលឆាប់ៗនេះ»។ ចំណែកឯនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាស្ដីពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណើរការសន្តិភាពរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាអន្តរជាតិជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថាសេតវិមានអាមេរិកនៅថ្ងៃអាទិត្យបានទទួលស្គាល់ថា ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាល ពិភាក្សាស្ដីពីគំរោងផ្លាស់ប្ដូរស្ថានទូតអាមេរិកប្រចាំ ប្រទេសអ៊ីស្រាអែល ពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ។ ក៏ប៉ុន្តែបើសិនជាការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងមែននោះ ភាពតានតឹងអាចនឹងផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ពីព្រោះវាច្បាស់ណាស់ថាប្រទេស អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី ជាដើម មុខជានឹងជំទាស់ចំពោះគំរាងផ្លាស់ប្ដូរស្ថានទូតអាមេរិកនេះមិនខាន៕