(កង់បេរ៉ា)៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអូស្រ្តាលី និងរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបានថ្លែងអំណរគុណដល់ក្រុមការងារនៃនាវាស្រាវជ្រាវ Fugro Equator ដែលបានចំណាយអស់រយៈពេលបីឆ្នាំ ដើម្បីធ្វើការស្វែងរកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួនសូន្យឈឹង ទោះបីជាប្រតិបត្តិការរុករកយន្តហោះដឹកអ្នកដំណើរ ដែលបានជួបជោគវាសនាដ៏អភ័ព្វនេះបានបញ្ចប់ទៅដោយគ្មានផ្លែផ្កាយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
នៅក្រោយការផ្អាកប្រតិបត្តិការុករកក្រោយផ្ទៃសមុទ្រនៃយន្តហោះដឹកអ្នកដំណើរ MH370 កាលពីសប្តាហ៍មុនលោក Darren Chester រដ្ឋមន្រ្តីដឹកជញ្ជូនអូស្រ្តាលី និងលោក Liow Tiong Lai រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ី បានជួបសំណេះសំណាលជាមួយក្រុមការងាររបស់នាវារុករកខាងលើ នៅរដ្ឋអូស្រា្តលីខាងលិច។
នៅក្នុងជំនួបពិភាក្សានោះលោករដ្ឋមន្រ្តីទាំងពីរូបបានថ្លែងថា ទោះបីជាយន្តហោះ MH370 មិនត្រូវបានរកឃើញ នៅក្នុងតំបន់រុករកដែលមានទំហំ១២០,០០០គីឡូម៉ែត្រក្រឡាយ៉ាងណាក្តី ក៏វានៅតែជារឿងដ៏សំខាន់មួយដដែលក្នុងការសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងាររបស់នាវា Fugro Equator ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ពួកគេ ក្នុងអំឡុងពេលបីឆ្នាំកន្លងទៅនេះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនសេចក្តីថ្លែងការណ៍រួមមួយពីសំណាក់រដ្ឋាភិបាលចិន ម៉ាឡេស៊ី និងអូស្រ្តាលី បានឲ្យដឹងថា ប្រតិបត្តិការរុករកយន្តហោះដឹកអ្នកដំណើរ MH370 ត្រូវបានផ្អាកសម្រាប់រយៈពេលមិនកំណត់នោះឡើយ ស្របពេលដែលយន្តហោះនៅតែពុំត្រូវបានរកឃើញ ប៉ុន្តែសេចក្តីថ្លែងការណ៍ដដែលនេះបានគូសបញ្ជាក់ថា បើមានភស្តុតាងថ្មីល្អណាមួយដែលអាចចង្អុលបង្ហាញពីទីតាំងនៃយន្តហោះដែលបានធ្លាក់នោះប្រតិបត្តិការរុរកអាចនឹងត្រូវចាប់ផ្តើមឡើងវិញបាន។
ដោយឡែករដ្ឋាភិបាលម៉ាឡេស៊ី ក៏បានប្រកាសជូនប្រាក់រង្វាន់ផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនឯកជនណា ដែលអាចរកតួយន្តហោះ MH370 ឃើញផងដែរ។ គួររំលឹកថាយន្ដហោះដឹកអ្នកដំណើរ MH370 និងក្រុមបុគ្គលិកយន្ដហោះសរុប២៣៩នាក់បានបាត់ខ្លួនដោយអាថ៌កំបាំងជាទីបំផុតនៅលើផ្ទៃអាកាសនៃឈូងសមុទ្រថៃ កាលពីវេលាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងគោលដៅហោះហើរពីទីក្រុងគូឡាឡាំពួរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃប្រទេសចិន៕