(សិង្ហបុរី)៖ ទីភ្នាក់ងារជាតិនៃធនធានទឹករបស់សិង្ហបុរី (PUB) បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លំាងដែលបង្កទៅជាគ្រោះទឹកជំនន់មួយប្រាវ បានបណ្ដាលឱ្យផ្លូវថ្នល់ជាច្រើនត្រូវកកស្ទះនៅក្នុងតំបន់ Tanjong Pagar នៃផ្លូវ Craig, Tanjong Pagar និងផ្លូវ Maxwell នៅព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
យោងតាម PUB នៅម៉ោង ១០៖០០នាទីព្រឹកនេះ (ម៉ោងនៅក្នុងប្រទេសសិង្ហបុរី) ទឹកជំនន់ដែលលិចផ្លូវ Maxwell បានស្រកទៅវិញ ហើយផ្លូវនេះក៏អាចធ្វើចរាចរណ៍ធម្មតាឡើងវិញដែរ ។ ចំណែកឯអាជ្ញាធរដឹកជញ្ជូនក៏បានរាយការណ៍ដែរថា ផ្លូវល្បឿនលឿនមានដូចជា AYE, CTE, PIE, SLE, KPE និង TPE ក៏ទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះដែរ ខណៈភ្លៀងនិងរន្ទះត្រូវបានគេរំពឹងថា អាចនឹងបន្តកើតមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសសិង្ហបុរី រហូតដល់ម៉ោង១២៖០០នាទីយប់។
គួររំលឹកថាកាលពីថ្ងៃចន្ទកន្លងទៅ អាជ្ញាធរឧតុនិយមសិង្ហបុរីបានព្យាករណ៍ថា នៅក្នុងសប្ដាហ៍នេះ សិង្ហបុរីអាចនឹងទទួលរងភ្លៀងធ្លាក់ខ្លំាងនៅពេលយប់ ហើយភ្លៀងឬរន្ទះរយៈពេលខ្លីត្រូវបានគេរំពឹងថានឹងមានរយៈពេលពី៦ ទៅ៨ថ្ងៃឯណោះ ដែលវាជារឿងចម្លែកមួយសម្រាប់ខែមករា ដើមឆ្នាំ ខណៈប្រទេសថៃ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ក៏ទទួលរងគ្រោះដូចគ្នា ប៉ុន្តែនៅថៃរងគ្រោះធ្ងន់ជាងគេរហូតដល់ថ្នាក់បាត់បង់ជីវិតប្រជាជនជាង ៤០នាក់៕