(សេអ៊ូល)៖ បន្ទាប់ពីប្រធានាធិបតីថ្មីអាមេរិក លោក ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងជាផ្លូវការបានពីរ​ថ្ងៃមកហើយនេះ វាក៏ដល់ពេលដែលកូរ៉េខាងជើង​ត្រូវធ្វើការ​ប្រារព្ធខួបទី ៤៩ឆ្នាំផងដែរ នៃការរឹបអូសបាននាវា​ស៊ើបការណ៍សម្ងាត់អាមេរិក Pueblo នៅថ្ងៃចន្ទនេះ ហើយទីក្រុងព្យុងយ៉ាងក៏ចេញសារព្រមានស្របពេល​នឹងគ្នាដែរថា​ខ្លួននឹងធ្វើការ​វាយបកឲ្យ​បានខ្លាំងក្លាជាទីបំផុត ប្រសិនបើមាន​សកម្មភាព​ឈ្លាន​ពានណាមួយ​ពីអាមេរិក​ទៀត។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

នាវាស៊ើបការណ៍របស់អាមេរិក ដែលមានទម្ងន់ ៩០៦តោនត្រូវបានកូរ៉េខាងជើងចាប់បាន កាលពីខែមករា ឆ្នាំ១៩៦៨ ដោយកាលណោះរដ្ឋាភិបាលកូរ៉េខាងជើង​បានអះ​អាងថា នាវាអាមេរិកបានរំលោភចូលដែនទឹក​របស់ខ្លួន ខណៈអាមេរិកបានបញ្ជាក់តបវិញថា នៅពេលដែលកូរ៉េខាងជើងធ្វើការវាយប្រហារនាវា Pueblo នោះគឺនាវានេះស្ថិត​នៅក្នុងដែន​ទឹក​អន្តរជាតិ​សុទ្ធសាធ។

គួរបញ្ជាក់ថានៅថ្ងៃដែលនាវាអាមេរិកខាងលើនេះរងការវាយប្រហារនោះ គឺមនុស្សជាង ៨០នាក់នៅ​លើនោះក៏ត្រូវបានកូរ៉េខាងជើងចាប់ឃាត់ខ្លួនផងដែរ ហើយក្រោយមក​រយៈពេល ១១ខែទើបទីក្រុងព្យុងយ៉ាង​ព្រមធ្វើការដោះលែង ដោយសារតែអាមេរិកបាន​សរសេរលិខិត​សូមអភ័យទោស​ជាផ្លូវការ។ ចាប់តាំងពីពេល​នោះមក មានទីក្រុង​មួយ​ត្រូវបានដាក់​ឈ្មោះ Pueblo នៅក្នុងរដ្ឋ​ខូឡូរ៉ាដូ សហរដ្ឋអាមេរិក។

ជុំវិញរឿងរ៉ាវនេះ​​កូរ៉េខាងជើង​នៅតែបន្តការ​រំលឹកអាមេរិក​ជារៀងរាល់ថ្ងៃខួប ដើម្បីកុំឲ្យ​ភ្លេចថ្ងៃ​ដែលខ្លួនធ្វើ​ការរឹបអូស​នាវា Peublo កាលពីឆ្នាំ១៩៦៨ និងថែមទាំង​បានព្រមាន​ទៀតថា «កូរ៉េខាងជើង​មានសមត្ថភាព​ពេញបរិបូរណ៍​ ​ក្នុងការកម្ចាត់ចក្រពត្តិ​អាមេរិកចេញ​ពីភពផែនដី​នេះបាន៕