(ហ្គាំប៊ី)៖ ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីហ្គាំប៊ីថ្មី បានឱ្យដឹងថាប្រាក់ច្រើនជាង ១១លានដុល្លារអាមេរិក បានបាត់ចេញពីរតនាគារជាតិហ្គាំប៊ី បន្ទាប់ពីអតីតប្រធានាធិបតី លោក Yahya Jammeh បានសម្រេចចិត្តចាកចេញពីប្រទេស ខណៈបើតាមប្រភពមួយចំនួន ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបាន លោក Jammeh វេចយកទៅជាមួយ ក៏ប៉ុន្តែខាងអាកាសយានដ្ឋានបានអះអាងថា ខ្លួនពុំបានអនុញ្ញាតឱ្យអតីតប្រធានាធិបតីរូបនេះយកទ្រព្យសម្បតិ្តចាកចេញពីប្រទេសនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
យោងតាម លោក Mai Ahmad Fatty ជាទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីហ្គាំប៊ីថ្មី ក្រុមអ្នកជំនាញហិរញ្ញវត្ថុ កំពុងធ្វើការស៊ើបអង្កេត ស្របពេលដែលប្រភពក្រៅផ្លូវការសន្និដ្ឋានថា រថយន្ដទំនើប និងវត្ថុមានតម្លៃជាច្រើនទៀតត្រូវបាន លោក Jammeh វេចឡើងលើយន្ដហោះចាកចេញទៅកាន់ប្រទេស ហ្គីណេ មុននឹងលោកត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេស អេក្វាឌ័ររៀល ហ្គីណេ (Equatorial Guinea) ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងទទួលបានសិទ្ធិជ្រកកោន។
គួរបញ្ជាក់ថាអតីតប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh បានសម្រេចចិត្តចាកចេញពីប្រទេស កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយយល់ព្រមបោះបង់អំណាចជាង២២ឆ្នាំទៅឱ្យលោក Adama Barrow ដែលបានឈ្នះនៅក្នុងការបោះឆ្នោតកាលពីខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីមានអន្តរាគមន៍យោធាពីសំណាក់ បណ្ដាប្រទេសជិតខាង។ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោក Barrow នៅតែបន្តស្ថិតនៅក្នុងប្រទេសសេណេហ្គាល់ ហើយគេក៏ពុំទាន់ដឹងពីពេលវេលា ជាក់លាក់ដែលលោកត្រឡប់មកវិញនោះដែរ៕