(វ៉ាស៊ីនតោន)៖ ក្រុមរដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានឱ្យដឹងថា ក្រុមបាតុករ២១៧នាក់ ដែលត្រូវបានឃាត់ខ្លួនបន្ទាប់ពីការធ្វើបាតុកម្មតវ៉ារបស់ពួកគេ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដែលបានប្រែក្លាយជាអំពើហិង្សា និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះរួមមានទាំងប៉ូលិស០៦នាក់ដែរនោះ អាចនឹងទទួលទោស ហើយឈានដល់ជាប់ពន្ធនាគាររ១០ឆ្នាំផងក៏ថាបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
ក្រុមបាតុកររាប់ពាន់នាក់ បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងរក្សាសណ្ដាប់ធ្នាប់ ខណៈលោក ដូណាល់ ត្រាំ និងគ្រួសារបានធ្វើដំណើរទៅដល់សេតវិមាន។ ក្រុមបាតុករដែលប្រឆាំងនឹងការឡើងកាន់អំណាចរបស់ លោក ដូណាល់ ត្រាំ បានវាយកម្ទេចកញ្ចក់ហាងជាច្រើន ដុតបំផ្លាញរថយន្ដ ព្រមទាំងចោលដុំថ្មទៅលើក្រុមអាជ្ញាធរ ជាហេតុបង្ខំឱ្យកងកម្លាំងរក្សាសណ្ដាប់ធ្នាប់ ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ហើយបើតាមអាជ្ញាធរ ភាគច្រើននៃមនុស្សដែលត្រូវបានចាប់ខ្លួនទាំងនោះ នឹងបង្ហាញខ្លួននៅចំពោះមុខតុលាការ។
គួរបញ្ជាក់ថា នៅក្នុងករណីដែលតុលាការរកឃើញថា ក្រុមបាតុករទាំង២១៧នាក់ខាងលើបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ពីបទហិង្សាមែននោះ ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥,០០០ដុល្លារ៕