(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានបន្តប្រតិបត្តិការនានាឡើងវិញជាធម្មតាហើយនាពេលនេះបន្ទាប់ពីការកើតមានបញ្ហាប្រព័ន្ធកុំព្យូទ័រ ដែលបង្ខំឲ្យផ្អាកការហោះហើរក្នុងស្រុកជាបណ្តោះអាសន្ននៅទូទាំងប្រទេសមក។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា «បញ្ជាផ្អាកការហោះហើរត្រូវបានដកចេញវិញហើយ ហើយយើងកំពុងតែខិតខំធ្វើយ៉ាងណា ដើម្បីឲ្យការហោះហើរក្នុងស្រុកទាំងអស់ដំណើរការទៅមុខដូចធម្មតាវិញ ឲ្យបានឆាប់រហ័សបំផុតតាមតែធ្វើទៅបាន។ យើងក៏សូមអភ័យទោសអតិថិជនទាំងអស់ ចំពោះការរំខាននេះផងដែរ»។
គួរបញ្ជាក់ថា នៅមុននេះអ្នកនាំពាក្យអាកាសចរណ៍ United Airline អ្នកនាង Maddie King បានប្រាប់ CNN ថាក្រុមហ៊ុនបានដាក់បញ្ជាឲ្យផ្អាករាល់ជើងហោះហើរក្នុងស្រុកទាំងអស់ដោយសារតែបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធទំនាក់ទំនងដែលយន្តហោះប្រើប្រាស់ ដើម្បីបញ្ចូនទិន្នន័យទៅកាន់អ្នកគ្រប់គ្រងប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុន៕