(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពឹង នឹងដឹកនាំគណកម្មការថ្មីមួយ ដើម្បីត្រួតពិនិត្យការអភិវឌ្ឍវិស័យយោធា និងស៊ីវិលរួមគ្នាតែម្តង ដែលគណកម្មការថ្មីនេះនឹងជួយជំរុញឲ្យសកម្មភាពនៃការធ្វើទំនើបកម្មវិស័យយោធារបស់ចិនកាន់តែខ្លាំងក្លាជាងមុនទៀត។ នេះបើតាមការផ្សាយរបស់ Channel News Asia ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
កន្លងមកប្រទេសចិនត្រូវបានគេមើលឃើញថា បានប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យយោធា និងស៊ីវិលរួមគ្នាតែម្តង តួយ៉ាងដូចជាការអភិវឌ្ឍយោធាជើងទឹកចល័តក្នុងមហាសមុទ្រ «Blue water», កងយន្តហោះចម្បាំងទំនើបៗ និងបច្ចេកវិទ្យាមួយចំនួនទៀតដើម្បីការពារផលប្រយោជន៍លើឆាកអន្តរជាតិ របស់ប្រទេសចិនទាំងមូលតែម្តង។
គួរបញ្ជាក់ថាសេចក្តីប្រកាសខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំមួយរបស់គណបក្សកុម្មុយនិស្តចិន ហើយគណកម្មការខាងលើនេះក៏នឹងដើរតួជាស្ថាប័នកំពូលមួយផងដែរក្នុងចំណោមគណកម្មការជាច្រើនទៀតរបស់បក្ស។ តាមអ្នកវិភាគនានាបានលើកឡើងថា ចាប់តាំងពីលោក ស៊ី ជិនពីង បានឡើងកាន់តំណែងជាប្រធានាធិបតីចិនមក ប្រទេសអាស៊ីមួយនេះហាក់មានការអភិវឌ្ឍលើវិស័យយោធាយ៉ាងឆាប់រហ័សជាងពេលណាទាំងអស់។
ជាក់ស្តែងប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលដ្ឋានយោធា និងឧស្សាហកម្ម ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចតំណាលគ្នា ដែលជាមាគ៌ារបស់សហរដ្ឋអាមេរិកធ្លាប់ធ្វើកន្លងមក ដើម្បីការបង្កើនអំណាចកងទ័ព ជាមួយនឹងឥទ្ធិពលដែលបានពង្រីកនៅតាមតំបន់នានាជុំវិញពិភពលោក៕