(វ៉ាស៊ីនតោន)៖ ឡើងកាន់តំណែងពុំទាន់បានស្រួលបួលផង លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមយកចិត្តអ៊ីស្រាអែលជាមុនទៅហើយ ដោយសេតវិមាន បានទទួលស្គាល់ ថាខ្លួនកំពុងស្ថិត នៅក្នុង ដំណាក់កាលពិភាក្សាស្ដីពីគំរោងផ្លាស់ប្ដូរ ស្ថានទូតអាមេរិកប្រចាំ ប្រទេសអ៊ីស្រាអែល ពីទីក្រុងតែល អាវីវ ទៅកាន់ ទីក្រុងហ្សេរុយសាឡឹម។ ដែលនេះគឺជាផ្នែកមួយនៃការអនុវត្តន៍ពាក្យសន្យារបស់លោកត្រាំ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតដែលចង់ទទួល ស្គាល់ថាទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Independent នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។
ស្ថានទូតអាមេរិក ក៏ដូចជាស្ថានទូតនៃបណ្ដាប្រទេសដ៏ទៃទៀត ភាគច្រើនគឺស្ថិតនៅក្នុងទីក្រុង តែល អាវីវ ខណៈទីក្រុងហ្សេរុយសាឡឹម ត្រូវបានភាគី អ៊ីសា្រអែល និងប៉ាឡេស្ទីន អះអាងរៀងៗខ្លួនថាជារដ្ឋធានីរបស់ពួកគេ។ ដោយឡែកពាក់ព័ន្ធនឹងការផ្លាស់ស្ថានទូតអាមេរិកនេះដែរ អ្នកនាំសេតវិមាន លោក Sean Spicer បាននិយាយយ៉ាងខ្លីថា «សេតវិមានកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាលើប្រធានបទនេះ»។ ក៏ប៉ុន្តែ បើសិនជាការសម្រេចចិត្ត នេះត្រូវបានធ្វើឡើងមែននោះ ភាពតានតឹងអាចនឹងផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ពីព្រោះច្បាស់ណាស់ អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និង ហ្ស៊កដានី ជាដើម មុខជានឹងជំទាស់ចំពោះគំរាងផ្លាស់ប្ដូរស្ថានទូតអាមេរិកនេះ។
គួរបញ្ជាក់ថា សភាអាមេរិកបានអនុម័តលើច្បាប់មួយកាលពីឆ្នាំ១៩៩៥ ដោយបានចាត់ទុកថា ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងថែមទាំងកំណត់ទៀតថា ទីក្រុងនេះនឹងមិនត្រូវបែងចែកជាពីរនោះឡើយ។ ក៏ប៉ុន្តែ គ្រប់ប្រធានាធិបតីអាមេរិក ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ រួមទាំងលោក បារ៉ាក់ អូបាម៉ា ផងដែរ មកទល់នឹងពេលបច្ចុប្បន្ន នៅតែបន្តរក្សាស្ថានទូតអាមេរិកប្រចំាទីក្រុង តែល អាវីវ ដដែល៕