(ពិភពលោក)៖ ប្រសិនបើលោកមានការរំខានដោយសារការស្ទះចរាចរណ៍ ការស្វែងរកចំណតរថយន្ត និងការចំណាយប្រាក់ទៅលើប្រេងឥន្ទនៈ ឬឧស្ម័ននោះ អ្នកអាចរីករាយជាមួយនឹងដំណើរកំសាន្តនៅទីតាំង១០លើពិភពលោក ដែលមិនអនុញ្ញាតឱ្យមានរថយន្ត។ អ្នកអាចជ្រើសរើសការធ្វើដំណើរដោយកង់ និងរីករាយជាមួយដំណើរកំសាន្តដ៏ស្រស់ថ្លា ដោយគ្មានផ្សែងបំពុល និងសម្លេងរំខាន ជាមួយនឹងទីតាំងទាំង១០ដូចខាងក្រោម៖
១. កោះ Mackinac រដ្ឋMichigan សហរដ្ឋអាមេរិក៖
កោះនេះ ស្ថិតនៅក្នុងបឹង Huron ដែលបានហាមឃាត់រាល់យាន្តជំនិះផ្សេងៗ តាំងពីឆ្នាំ១៨៩៨មកម្ល៉េះ។ បច្ចុប្បន្ន រមនីយដ្ឋានសម្រាប់រដូវក្តៅមួយនេះ បានទាក់ទាញក្រុមគ្រួសារជាច្រើន ដែលស្រឡាញ់ធម្មជាតិ និងប្រវត្តិសាស្ត្រ។ នៅទីនោះមានតែកង់ និងរទេះសេះប៉ុណ្ណោះសម្រាប់ធ្វើដំណើរ។
២. កោះ Sark ចក្រភពអង់គ្លេស៖
កោះនេះស្ថិតនៅក្បែរតំបន់ Normandy ប្រទេស បារាំង និងជាផ្នែកមួយនៃកោះនៅចក្រភពអង់គ្លេស។ កោះនេះតូចពិតមែន តែសម្បូរទៅដោយទេសភាពដ៏ស្រស់ស្អាត និងពិតជាសាកសមសម្រាប់ដំណើរកំសាន្តដោយថ្មើរជើង ឬដោយការជិះកង់ឡើងភ្នំ។ នៅទីនេះ មានតែត្រាក់ទ័រតែប៉ុណ្ណោះជាយាន្តជំនិះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។ ក្រៅពីនោះគឺមានរទេះសេះ កង់ និងការដើរដោយថ្មើរជើង។
៣. ទីក្រុង Vinice ប្រទេស អ៊ីតាលី៖
ដងផ្លូវនានានៅទីនេះ អាចនឹងមិនមានស្ថានភាពស្រស់ស្អាតបែបនេះទេ ប្រសិនបើរថយន្តត្រូវបានអនុញ្ញាតឱ្យបើកបរឆ្លងកាត់។ នៅទីនោះ អាចមានតែរថយន្តទេចរណ៍ប្រភេទបណ្តែតលើទឹកប៉ុណ្ណោះសម្រាប់ដឹកប្រជាពលរដ្ឋ Venetians និងអ្នកទេសចរណ៍ជុំវិញកោះ Venice និងកោះដែលនៅក្បែរៗនោះ។
៤. តំបន់ Fes el-Bali ប្រទេស ម៉ារ៉ុក៖
Fes el-Bali ជាតំបន់ដែលមានដងផ្លូវកើតឡើងតាំងពីយុគសម័យកណ្តាលមកម្ល៉េះ ហើយមិនសូវសម្បូររថយន្តបើកកាត់ទីនេះឡើយ ធ្វើឱ្យវាក្លាយជាទីក្រុងដែលគ្មានរថយន្ត និងជាកន្លែងដ៏អស្ចារ្យមួយ។ អ្នកអាចរីករាយក្នុងការចូលហាងលក់ទំនិញ ភោជនីយដ្ឋាន ព្រះវិហារឥស្លាមដោយការធ្វើដំណើរដោយថ្មើរជើង។
៥. ក្រុង La Cumbrecita ប្រទេស អាហ្សង់ទីន៖
ជាទីក្រុងដ៏ស្រស់ស្អាតតូចមួយនៅក្បែរជ្រលងភ្នំ Calamuchita។ ភូមិនេះលំអដោយដើមឈើខៀវស្រងាត់ មានគោលនយោបាយមួយគឺអនុញ្ញាតឱ្យមានតែកង់តែប៉ុណ្ណោះសម្រាប់ជាមធ្យោយបានធ្វើដំណើរ ដែលវាជាការចូលរួមចំណែកក្នុងការផ្តល់ភាពស្រស់ស្អាតដល់ក្រុងមួយនេះ។ អ្នកនិយមអេកូទេសចរណ៍ភាគច្រើនចូលចិត្តមកកំសាន្តនៅទីនេះ ដោយការដើរឡើងលើភ្នំ ព្រៃឈើ និងទស្សនាទឹកធ្លាក់ ឬការបោះជំរុំមើលមេឃ និងផ្កាយ ក្នុងពេលរាត្រី។
៦. ក្រុង Hydra ប្រទេស ក្រិច៖
ជាមួយទីតាំងដែលមានទិដ្ឋភាពដ៏អស្ងារ្យ ក្បែរសមុទ្រ Aegean ធ្វើឱ្យHydra ក្លាយជាស្ថានសួគ៌លើផែនដី។ គ្មានរថយន្តណាមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅទីនេះឡើយ ធ្វើឱ្យដងផ្លូវនានា ស្ងប់ស្ងាត់គឺមានតែការធ្វើដំណើរដោយថ្មើរជើង និងសត្វលាតែប៉ុណ្ណោះ។ ដោយវាជាផ្នែកមួយនៃកោះ Saronic ធ្វើឱ្យHydra មានភាពល្បីល្បាញ ដោយសារស្ថាបត្យកម្មដ៏ល្អឥតខ្ជោះ ទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរសមុទ្រ និងផ្លូវដើរដោយថ្មើរជើងក្បែរមាត់សមុទ្រយ៉ាងស្រស់ស្អាត។
៧. កោះ Bald Head រដ្ឋការ៉ូលីណាខាងជើង សហរដ្ឋអាមេរិក៖
អ្នកគួរតែបោះបង់ទុក្ខព្រួយ និងរថយន្តរបស់អ្នកចោលសិន នៅពេលដែលអ្នកបានទៅកំសាន្តនៅទីនេះ។ កោះដែលមានទេសភាពស្រស់ស្អាតមួយនេះ ជាទីតាំងដ៏សាកសមសម្រាប់ថ្ងៃវិស្សមកាល ជាមួយនឹងឆ្នេរខ្សាច់ ទីលានវាយកូនហ្គោលជាដើម។ មធ្យោបាយធ្វើដំណើរនៅទីនេះ មានតែរទេះសម្រាប់អ្នកវាយកូនហ្គោល កង់ និងការធ្វើដំណើរដោយថ្មើរជើងប៉ុណ្ណោះ។
៨. ភូមិ Gienthoorn ប្រទេស ហូឡង់៖
មានទីតាំងស្ថិតនៅចម្ងាយប្រមាណ៥៥ម៉ាល៍ភាគឥសានទីក្រុង អាស្ទ័រដាម។ នៅទីនោះមានរហូតដល់១៨០ស្ពានពីលើប្រឡាយទឹកដែលមើលទៅហាក់ដូចជាគំនូរ។ អ្នកអាចធ្វើដំណើរតាមប្រឡាយទឹកជាមួយនឹងទេសភាពស្រស់ស្អាតបែបធម្មជាតិ ដោយទូក និងមើលទីតាំងផ្សេងៗទៀតដោយការដើរដោយថ្មើរជើង។
៩. កោះភ្លើង ទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក៖
គឺជាកោះមួយដែលពេញនិយមសម្រាប់រដូវក្តៅ មានទីតាំងស្ថិតនៅក្បែរឆ្នេរខាងត្បូង។ កោះនេះបានផ្តល់នូវឆ្នេរ សួនច្បារ និងសហគមន៍ដ៏បុរាណមួយ ដែលមានមនុស្សមកកំសាន្តភាគច្រើននៅរដូវក្តៅ។ អ្នកនៅក្នុងតំបន់ និងអ្នកទេសចរណ៍មកទីនេះដោយការជិះកង់ ជុំវិញកោះ ឬដើរកំសាន្តជាមួយនឹងបរិយាកាសយ៉ាងទាក់ទាញ។
១០.ទីក្រុង Zermatt ប្រទេស ស្វីស៖
ទីក្រុង Zermatt ស្ថិតនៅផ្នែកខាងក្រោមក្បែរកំពូលភ្នំខ្ពស់ក្នុងនោះរួមទាំងភ្នំដ៏ល្បីល្បាញមួយគឺភ្នំ Matterhorn។ ទីក្រុងដែលមានភ្នំខ្ពស់ៗនេះ មានភាពទាក់ទាញ និងល្បីល្បាញជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលនិយមការជិះស្គី និងលេងកីឡានារដូវរងា។ ដោយសារទីនេះគ្មានវត្ថមានរថយន្តឡើយ ធ្វើឱ្យទីក្រុងនេះគ្មានខ្យល់បំពុលឡើយ៕