(​កាប៊ូល)៖ ក្រុមឧទ្ទាមតាលីបង់ បានស្នើឲ្យរដ្ឋបាលអាមេរិកថ្មី​របស់លោក ដូណាល់ ​ត្រាំ សើរើ និងពិនិត្យឡើងវិញឲ្យច្បាស់ ពីគោលនយោបាយ អាមេរិកនៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន ​ក៏ដូចជាត្រូវដកទ័ពបរទេសទាំងអស់ចេញពីប្រទេសមួយនេះ ដែលកំពុងញំញីដោយសារអំពើហិង្សា។

ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមតាលីបង់ក៏បានព្រមានដែរថា អំពើហិង្សានឹងនៅតែបន្តកើតមាននៅអាហ្វហ្គានីស្ថាន បើសិនជាលោក ដូណាល់​ ត្រំា ជ្រើស រើសដើរតាមគន្លង​ចាស់នៃអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងលោក ចច ដាប់ប៊ែល ​យូប៊ូស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមួយ នៅក្នុងតំបន់ដកស្រង់​សម្ដីដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីរាយការណ៍ របស់ខ្លួនសារព័ត៌មាន Kaama Press បានឱ្យដឹងថា ក្រុមឧទ្ទាមតាលីបង់ បានស្នើសុំឲ្យប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ពិនិត្យឡើងវិញចំពោះនយោបាយអាមេរិក សម្រាប់អាហ្វហ្គានីស្ថាន ដោយមិនត្រូវដើរតាមគន្លងចាស់របស់រដ្ឋាភិបាលអាមេរិកមុនៗ។
ក្រុមតាលីបង់បាន​ព្រមានដូច្នេះថា៖« អំពើហិង្សានឹងនៅតែបន្តកើតឡើងនៅអាហ្វហ្គានីស្ថាន បើសិនជាលោក ដូណាល់​ ត្រំា ជ្រើសរើសដើរតាមគន្លង ចាស់របស់រដ្ឋបាលអាមេរិកនៃអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងលោក ចច ដាប់ប៊ែល ​យូប៊ូស»

គួររំលឹកថា សង្រ្គាមនិងអំពើហិង្សានៅអាហ្វាហ្គានីស្ថាន បានចាប់ផ្ដើមឡើង ទន្ទឹមគ្នានឹងប្រតិបត្តិការយោធារបស់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហ រដ្ឋអាមេរិក​ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រុមឧទ្ទាមតាលីបង់ កាលពីឆ្នាំ២០០១។ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមកដែរ អាហ្វហ្គានីស្ថាន នៅតែបន្តផុង ខ្លួនក្នុងអំពើហិង្សារហូត​មកទល់បច្ចុប្បន្ន ជាពិសេសគឺការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតសងសឹកពីសំណាក់ក្រុមតាលីបង់ប្រឆាំងនឹងកងកម្លំាង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងបរទេស៕