Update: កំរិតអាសន្ននៃរលកយក្សស៊ូណាមិ ត្រូវបានបន្ថយ បន្ទាប់ពីគ្រោះរញ្ជួយដី ៨.០ រ៉ិចទ័រវាយប្រហារមកលើប្រទេស Papua New Guinea
22-01-2017 15:15
(ស៊ីដនី)៖ មជ្ឈមណ្ឌលប្រកាសអាសន្ននៃរលកយក្សស៊ូណាមិ ក្នុងតំបន់ប៉ាស៊ីហ្វិក បានកាត់បន្ថយកំរិតប្រកាសសញ្ញាណអាសន្ននៃរលកយក្ស ស៊ូណាមិហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កំរិត ៨.០រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ Arawa នៃកោះ Bougainville ប្រទេស Papua New Guinea។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧។
ភ្លាមៗនោះដែរ បន្ទាប់ពីមានគ្រោះរញ្ជួយដី មជ្ឈមណ្ឌលខាងលើនេះ បានផ្ដល់យោបល់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលអាច នឹងកើតឡើងក៏ថាបាននៅតាមបណ្ដាយឆ្នេរ Papua New Guinea, Solomon Islands, Nauru, Pohnpei, Kosrae, Vanuatu, Chuuk និងប្រទេស Indonesia ខណៈប្រទេសដែនកោះ Solomon Islands ក៏បានទទួលរងឥទ្ធិពលពីគ្រោះរញ្ជួយដីនេះដែរ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីខាងលើ ដំបូងឡើយមានកម្លំាង រំញ័រ៨.០រ៉ិចទ័រ តែក្រោយមកបានធ្លាក់ចុះមកនៅ ត្រឹម៧.៩រ៉ិចទ័រ និងបានវាយប្រហារមកលើតំបន់ Arawa កោះBougainville នៅម៉ោងប្រមាណជា ១៥៖៣០នាទី (ម៉ោងនៅក្នុងតំបន់) ព្រមទាំង មានជំរៅរញ្ជួយទៅក្នុងដី៤៧គីឡូម៉ែត្រ។ ចំណែកឯការខូចខាតឬចំនួនជនរងគ្រោះពុំទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ៕