(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថា បន្ទាប់ពីការស្បថឡើងកាន់ដំណែង ដែលមានរយៈពេល​ប្រហែល១៦នាទី នៅវិមានកាពីតូល រដ្ឋធានីវ៉ាស៊ីនតោន។ លោក ដូណាល់ ត្រាំ​ ត្រូវបានអ្នករាល់គ្នាដឹងថា មេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក អៀ សុផល សាស្ត្រាចារ្យរងជំនាញខាងការទូត នៅមហាវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ហៅថា ជាជនផ្តាច់ការ និងជាមនុស្សអវិជ្ជា។ តើបុរសដែលត្រូវបានអ្នកទាំងពីរនោះហៅ ផ្តាច់ការ និងអវិជ្ជមាននោះ ថ្លែងសុន្ទរកថាមានខ្លឹមសារយ៉ាងណា?  

ខាងក្រោមនេះជាអត្ថបទខ្លះនៃសុន្ទរកថារបស់លោក៖

ជាដំបូងសូមអរគុណដល់ប្រធានតុលាការលោក Roberts អតីតប្រធានាធិបតីលោក Carter លោក Clinton លោក Bush ប្រធានាធិបតី Obama លោកសហជីវិន និងប្រជាពលរដ្ឋអាមេរិក។

យើងជាប្រជាពលរដ្ឋអាមេរិក កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាខ្លាំងរបស់ជាតិ ដើម្បីកសាងប្រទេស និងគោរពតាមកិច្ចសន្យាសម្រាប់ ប្រជាពលរដ្ឋយើងទាំងអស់។

យើងនឹងរួមគ្នាដើម្បីតម្រង់ទិសដៅអាមេរិក និងពិភពលោក សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
យើងនឹងប្រឈមមុខនឹងឧបសគ្គ យើងនឹងប្រឈមមុខនឹងភាពលំបាក ប៉ុន្តែនឹងធ្វើឱ្យកិច្ចការសម្រេចឱ្យបាន។

ក្នុងរយៈពេល៤ឆ្នាំម្តង យើងបានបោះជំហានទៅរកការផ្ទេរអំណាចប្រកបដោយសណ្តាប់ធ្នាប់ និងសន្តិភាព ហើយយើងពិតជាមានមោទនភាព ចំពោះប្រធានាធិបតីអូបាម៉ា និងស្ត្រីទីមួយលោកស្រី Michelle Obama ដើម្បីការជួយសម្រួលដល់ការផ្ទេរអំណាច។ ពួកគេពិតជាមនុស្សប្រសើរបំផុត។

កម្មវិធីនៅក្នុងថ្ងៃនេះ ពិតជាមានអត្ថន័យយ៉ាងជ្រៀលជ្រៅ។ ថ្ងៃនេះមិនមែនជាថ្ងៃនៃការផ្ទេរអំណាចពីរដ្ឋាភិបាលមួយ ទៅរដ្ឋាភិបាលមួយ ពីបក្សមួយទៅបក្សមួយនោះទេ ប៉ុន្តែវាជាការផ្ទេរអំណាចពីរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនទៅកាន់ប្រជាពលរដ្ឋ។

ការផ្លាស់ប្តូរត្រូវចាប់ផ្តើមពីទីនេះ ពីពេលនេះដោយសារខណៈពេលនេះជាពេលវេលារបស់អ្នក ជាកម្មសិទ្ធរបស់អ្នក។ វាជាកម្មសិទ្ធរបស់មនុស្សគ្រប់គ្នាដែលកំពុងប្រមូលផ្តុំនៅទីនេះថ្ងៃនេះ កម្មសិទ្ធរបស់មនុស្សគ្រប់គ្នាទូទាំងដែនដីអាមេរិក។

វាជាថ្ងៃរបស់អ្នក វាជាការអបអរសាទរចំពោះអ្នក។ ហើយសហរដ្ឋអាមេរិក គឺជាប្រទេសរបស់អ្នក។ អ្វីដែលជាបញ្ហាមិនមែន តើបក្សណាមួយដែលគ្រប់គ្រងរដ្ឋាភិបាលនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ថាតើរដ្ឋាភិបាលនេះត្រូវបានគ្រប់គ្រងដោយប្រជាពលរដ្ឋដែរឬទេ។

ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នឹងត្រូវបានចង់ចាំថាជាថ្ងៃដែលប្រជាពលរដ្ឋអាមេរិក ក្លាយជាអ្នកគ្រប់គ្រងប្រជាជាតិជាថ្មី។ មនុស្សរាប់លាននាក់បានប្រមូលផ្តុំនៅទីនេះ ដើម្បីក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលពិភពលោកទាំងមូលមិនធ្លាប់បានឃើញពីមុនមក។
សហរដ្ឋអាមេរិក ត្រូវការសាលាសម្រាប់កូនៗសុវត្ថិភាពដើម្បីគ្រួសារ និងមុខរបរប្រសើរសម្រាប់ពួកគេផ្ទាល់។ នេះជាត្រូវការដ៏សំខាន់ និងសមហេតុផលរបស់មនុស្សត្រឹមត្រូវម្នាក់។

ប៉ុន្តែនៅមានប្រជាពលរដ្ឋយើងច្រើន មិនថាម្តាយ និងកូនៗ សុទ្ធតែជាប់ក្នុងបន្ទាត់នៃភាពក្រីក្រនៅតាមទីក្រុងមួយចំនួន បូករួមទាំងបញ្ហាផ្សេងៗទៀត។
ប្រជាពលអាមេរិក នឹងឈប់នៅទីនេះ ហើយនឹងចប់ក្នុងពេលនេះតែម្តង។

ជាចុងក្រោយ យើងត្រូវគិតដល់កិច្ចការធំ និងមានក្តីស្រមៃកាន់តែធំ។
នៅអាមេរិក យើងអាចយល់ថា ប្រជាជាតិមួយអាចរស់រានមានជីវិតបានកាន់តែយូរអាស្រ័យដោយមនុស្សព្យាយាម។

ចាប់ពីពេលនេះតទៅ យើងនឹងឈប់ទទួលអ្នកដែលនយោបាយណាដែលបានតែនិយាយ តែគ្មានសកម្មភាព ជាពិសេសតែងតែរិះគន់លើគ្រប់រឿង ប៉ុន្តែមិនដែលបានធ្វើអ្វីទាល់តែសោះសម្រាប់កិច្ចការទាំងនោះ។ ខណៈនេះ គ្មានពេលសម្រាប់អ្នកដែលគ្រាន់តែនិយាយទៀតទេ វាគឺជាពេលដែលបញ្ចេញសកម្មភាព។

កុំអនុញ្ញាតឱ្យអ្នកណាម្នាក់មកប្រាប់អ្នកថា វាមិនធ្វើបាននោះឡើយ។
គ្មានឧបសគ្គណាដែលអាចយកឈ្នះលើបេះដូង និងការហ៊ានប្រឈមមុខ និងស្រឡាញ់ប្រជាពលរដ្ឋអាមេរិក នឹងបញ្ហាទាំងនេះឡើយ។
 
ដោយការរួមគ្នា យើងនឹងធ្វើឱ្យអាមេរិកបានកាន់តែរឹងមាំឡើងជាថ្មីទៀត។
យើងនឹងធ្វើឱ្យអាមេរិកមានស្តុកស្តម្ភជាងមុន។
យើងនឹងធ្វើឱ្យអាមេរិកមានមោទនភាពជាថ្មី។
យើងនឹងធ្វើឱ្យអាមេរិកកាន់តែមានសុវត្ថិភាពជាថ្មី ហើយជាការពិតដោយការរួមគ្នា។
យើងនឹងធ្វើឱ្យអាមេរិកប្រសើរជាថ្មី។
អរគុណអ្នកទាំងអស់គ្នា សូមព្រះប្រទានពរអ្នក ប្រទានពរដោយសហរដ្ឋអាមេរិក។
អរគុណ សូមព្រះប្រទានពរ។

ខាងក្រោមនេះគឺជាពាក្យសម្បថរបស់លោក ត្រាំ ចំពោះមុខប្រជាជាតិអាមេរិក៖

លោក ត្រាំ៖ «ខ្ញុំ ដូណាល់ ចន ត្រាំ សូមស្បថយ៉ាងអង់អាចថា ខ្ញុំនឹងប្រតិបត្តិយ៉ាងស្មោះត្រង់ ក្នុងតំណែងជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងប្រឹងប្រែងឲ្យអស់​ពីសមត្ថភាព​ដើម្បី អភិរក្សា ថែរក្សា និងការពាររដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ដូច្នេះសូមព្រះប្រទានពរ»។

គួរបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ បានចូលទៅក្នុងការិយាល័យប្រធានាធិបតីក្នុងសេតវិមាន រឿងដំបូងដែលលោកបានធ្វើនោះ គឺការចុះហត្ថលេខា​បង្គាប់ឲ្យលុបចោលកម្មវិធី ObamaCare ហើយបន្ទាប់​មកក៏មានការតែងតាំងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា