(វ៉ាស៊ីនតោន)៖ សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិកនឹងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបនិងរឹងមាំបំផុតមួយ ដើម្បីបង្កើនសមត្ថភាពទប់ទល់នឹងការវាយប្រហារពីសំណាក់ប្រទេសមួយចំនួនដូចជាកូរ៉េខាងជើងនិងអ៉ីរ៉ង់ជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
សេតវិមានបានឲ្យដឹងតាមរយៈគេហទំព័រផ្លូវការរបស់ខ្លួនថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ចប់ការកាត់បន្ថយការចំណាយទៅលើវិស័យការពារជាតិ ហើយដាក់សំណើថវិកាថ្មីទៅកាន់សភាជាតិ ដោយនឹងរៀបរាប់អំពីគំរោងក្នុងការកសាងកម្លាំងយោធាអាមេរិកឡើងវិញ។ យើងនឹងផ្តល់ជូនមេដឹកនាំយោធារបស់ប្រទេសយើងនូវមធ្យោបាយ ដើម្បីរៀបចំផែនការសម្រាប់តម្រូវការវិស័យការពារជាតិនាពេលអនាគតរបស់យើង ហើយយើងក៏នឹងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបនិងរឹងមាំបំផុតមួយ ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងអ៉ីរ៉ង់ផងដែរ»។
ពិធីស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ត្រូវបានឡើងបន្ទាប់ពីកូរ៉េខាងជើងបានដុតរោលភាពតានតឹងបន្ថែមទៀត ជាមួយនិងប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានព្រមានធ្ងន់ៗនៅក្នុងឱកាសការថ្លៃសារនាថ្ងៃឆ្លងឆ្នាំសាកលថារបបដឹកនាំទីក្រុងព្យុងយ៉ាង បានឈានដល់ដំណាក់កាលចុងក្រោយនៃការរៀបចំបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបហើយ។
គួរបញ្ជាក់ថា វាគឺជាការគំរាមកំហែងដ៏ជាក់ស្តែងមួយដែលថាប្រទេសកូរ៉េខាងជើងជិតបានសម្រេចក្នុងការអភិវឌ្ឍមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរក្រោមដីចំនួនប្រាំលើក និងការបាញ់សាកល្បងមីស៊ីលផ្លោងក៏ដូចជាការបង្ហោះគ្រាប់រ៉ុក្កែតជាច្រើនដងរួចមក។ ជាការឆ្លើយតបលោក ត្រាំ បានសចា្ចថានឹងបញ្ឈប់កូរ៉េខាងជើងមិនឲ្យអភិវឌ្ឍន៍សមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីប ICBM បានសម្រេចនោះឡើយ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក ពុំបានបញ្ជាក់ពីមធ្យោបាយច្បាស់លាស់ក្នុងការធ្វើដូច្នោះឡើយ៕