(អង់ការ៉ា)៖ ទីបំផុតសមាជិកសភាតួកគីបានសម្រេចបោះឆ្នោតអនុម័ត ការកែប្រែរដ្ឋធម្មនុញ្ញតួកគីមាត្រា ១៨ តាមរយៈការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ ដោយទទួលបានសំឡេងគាំទ្រ ៣៣៩សំឡេង ទល់នឹង ១៤២សំឡេង ហើយវានឹងឈានទៅដល់ការបោះឆ្នោតធ្វើប្រជាមតិមួយ តបតាមការចង់បានរបស់រដ្ឋាភិបាលតួកគី នៅដើមខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានគេរំពឹងទុកថានឹងបង្កើនអំណាចបន្ថែមសម្រាប់លោកប្រធានាធិបតីតួកគីបច្ចុប្បន្ន ជាពិសេសគឺប្រព័ន្ធជ្រើសតាំងប្រធានាធិបតី ដែលនឹងប្តូរមកយកសំឡេងគាំទ្រតាមបែបធម្មតា (៥០+១) ប៉ុណ្ណោះ។ ប្រការនេះវានឹងធ្វើឲ្យការជ្រើសតាំងប្រធានាធិបតី មិនមានការរាំងស្ទះ ដោយមានការជំទាស់នៅក្នុងសភាដូចមុនទៀតនោះឡើយ ទោះបីជាគណបក្សកាន់អំណាចមិនបានឈ្នះសំឡេងដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក៏ដោយ។
រំលឹកកាលពីសប្តាហ៍មុន ដែលជាកិច្ចពិភាក្សាក្តៅគគុកក្នុងសភានោះ គឺបានកើតចេញពីការគ្រោងអនុម័តការកែប្រែរដ្ឋធម្មនុញ្ញខាងលើនេះឯង ដែលកាលនោះសមាជិកបក្សប្រឆាំង និងបក្សកាន់អំណាចមួយចំនួនបានឈានដល់ការប្រើប្រាស់អំពើហិង្សា នាំឲ្យរដ្ឋសភាប្រឡាក់ឈាមទៀតផង៕