(បាងកក)៖ បណ្តាស្ត្រីដែលកំពុងជាប់ពន្ធនាគារស្ថិតនៅជាយទីក្រុងបាងកក បានរៀបចំពិធីបុណ្យមួយនៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត គំរប់១០០ថ្ងៃ បើទោះបីជាពួកគេមាននាមជាទណ្ឌិតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
នៅក្នុងពិធីប្រមូលផ្តុំគ្នាក្នុងទីលាននៃពន្ធនាគារខាងលើនេះដែរ ស្ត្រីទាំងអស់បានស្លៀកសំលៀកបំពាក់ពណ៌ស និងមានកាន់ទៀនដុតបំភ្លឺ ជាបែបបទនៃប្រពៃណីគោរពវិញ្ញាណក្ខន្ធរបស់ជាតិសាសន៍ថៃ។ គួរបញ្ជាក់ថាព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ហើយក្រោយមកនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បត្តិបន្ត។
នរណាក៏ដឹងដែរថា ក្នុងសង្គមថៃទាំងមូល ពិតជាមានការគោរពស្មោះស្ម័គ្រភក្តី យ៉ាងធំធេងបំផុតចំពោះរាជ្យវង្ស ទៅលើជាពិសេសអតីតព្រះមហាក្សត្រ ដែលត្រូវបានគេចាត់ទុកថាជាអ្នកដែលបានផ្តល់ការរីកចំរើនរុងរឿង សម្រាប់សង្គមជាតិថៃទាំងមូល នៅអំឡុងពេលដែលព្រះអង្គបានគ្រងរាជ្យសម្បត្តិចំនួន ៧ទសវត្សរ៍ និងបានក្លាយជាស្តេចដែលបានគ្រងរាជ្យយូរជាងគេបំផុតលើលោក៕