(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិច២១នាក់បានបាត់បង់ជីវិត និងជាង៤០នាក់ផ្សេងទៀតបានទទួលរងបួស នៅពេលដែលគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើង នៅក្នុងផ្សារលក់បន្លែមួយកន្លែងនៅតំបន់កុលសម្ព័ន្ធ Kurram នៃភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នាព្រឹកថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានរាយការណ៍ថា ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅចំពេលដែលមនុស្សក្នុងចំនួនច្រើនគួរសម កំពុងតែជាប់រវល់រឿងទិញដូរនៅផ្សារបន្លែមួយកន្លែង ដែលស្ថិតក្នុងក្រុង Parachinar នៅក្បែរព្រំប្រទល់រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានហើយគ្រាប់បែកខាងលើត្រូវបានសារព័ត៌មានមួយចំនួនអះអាងថា ជាគ្រាប់បែកបង្កៃឲ្យបំផ្ទុះតាមរយៈឧបករណ៍បញ្ជាពីចម្ងាយ។
ក្រោយពេលកើតហេតុភ្លាមៗ អ្នករងរបួសទាំងប៉ុន្មាន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះជាបន្ទាន់ ខណៈជនរងគ្រោះមួយចំនួនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរជាខ្លាំង។ ហើយនាពេលនេះកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក៏បានបិទកន្លែងកើតហេតុដើម្បីធ្វើការស៊ើបអង្កេតផងដែរ ស្របពេលដែលភ្លាមៗ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាទង្វើរបស់ខ្លួននៅឡើយនោះទេ៕