(វ៉ាស៊ីនតោន)៖ វាជារឿងធម្មតានោះទេ សម្រាប់មេដឹកនាំនានានៅលើពិភពលោក នៅពេលដែលឡើងកាន់តំណែងថ្មីថ្មោង ត្រូវតែចូលរួមក្នុងពិធីស្បថជាផ្លូវការ ដែលមានប្រជាជាតិទាំងមូលជាសាក្សី។ ដូចគ្នានេះដែរនៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥ របស់អាមេរិកបានស្បថចូលកាន់តំណែងជាផ្លូវការ នៅចំពោះមុខប្រជាជាតិទាំងមូល និងក្រសែភ្នែកអន្តរជាតិ។
ខាងក្រោមនេះគឺជាពាក្យសម្បថរបស់លោក ត្រាំ ចំពោះមុខប្រជាជាតិអាមេរិក៖
លោក ត្រាំ៖ «ខ្ញុំ ដូណាល់ ចន ត្រាំ សូមស្បថយ៉ាងអង់អាចថា ខ្ញុំនឹងប្រតិបត្តិយ៉ាងស្មោះត្រង់ ក្នុងតំណែងជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី អភិរក្សា ថែរក្សា និងការពាររដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ដូច្នេះសូមព្រះប្រទានពរ»។
គួរបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ បានចូលទៅក្នុងការិយាល័យប្រធានាធិបតីក្នុងសេតវិមាន រឿងដំបូងដែលលោកបានធ្វើនោះ គឺការចុះហត្ថលេខាបង្គាប់ឲ្យលុបចោលកម្មវិធី ObamaCare ហើយបន្ទាប់មកក៏មានការតែងតាំងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ៕