(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple បានសម្រេចដាក់ពាក្យបណ្តឹងទាមទារទឹកប្រាក់ចំនួន១ពាន់លានដុល្លារ អាមេរិកពីក្រុមហ៊ុនផ្គត់ផ្គង់ Qualcomm នាថ្ងៃសៅរ៍នេះ នៅប៉ុន្មានថ្ងៃក្រោយពេលដែលរដ្ឋាភិបាលអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនផលិតបន្ទះឈីបទូរស័ព្ទដៃមួយនេះថា បានងាកទៅប្រើប្រាស់យុទ្ធសាស្រ្ត ដែលសំដៅកាត់បន្ថយ និងរារាំងលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារសេរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
ក្រុមហ៊ុន Qualcomm គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Apple និង Samsung Electronics សម្រាប់បន្ទះឈីបទំនើបៗដែលធ្វើការតភ្ជាប់ស្មាតហ្វូនទៅកាន់បណ្តាញ Wi-Fi ហើយក្រុមហ៊ុនទាំងពីរនេះ គឺជាអ្នកចូលរួមចំណែកដ៏ធំមួយ នៃប្រាក់ចំណូលចំនួន២៣.៥ពាន់លានដុល្លារស្នើនឹង ៤០ភាគរយរបស់ Qualcomm នាពេលថ្មីៗនេះ។
ដោយឡែកនៅក្នុងពាក្យបណ្តឹងដែលត្រូវបានដាក់ទៅកាន់តុលារ នៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក ក្រុមហ៊ុន Apple បានចោទប្រកាន់ក្រុមហ៊ុន Qualcomm ថាបានទាមទារតម្លៃហួសប្រមាណចំពោះបន្ទះឈីប ហើយបានបដិសេធមិនបង់លុយប្រមាណ ១ពាន់ដុល្លារនៅក្នុងន័យជាប្រាក់បង្វិលដែលបានសន្យានោះឡើយ។
គួរបញ្ជាក់ដែរថា Qualcomm គឺជាក្រុមហ៊ុនតែមួយគត់ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីបជំនាន់ថ្មី សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple រហូតដល់ពេលចេញ iPhone 7 និង 7 Plus កាលពីខែកញ្ញាកន្លងទៅនេះ ដោយក្រុមហ៊ុន Intel បានចាប់ផ្តើមធ្វើការផ្គត់ផ្គត់បន្ទះឈីបជំនាន់ថ្មីក្នុងចំនួនប្រហែលជាពាក់កណ្តាលសម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះ៕