(សេអ៊ូល)៖ ទោះបី​កូរ៉េខាងជើង​​បានធ្វើការព្រមាន​​ជាច្រើនដង អំពីការ​បាញ់​សាក​ល្បង​​មីស៊ីល​ផ្លោង​​អន្តរទ្វីប ICBM ដែលជា​​សញ្ញាមួយ​ដែល​ក្រុម​​អ្នក​​ជំនាញ​​កូរ៉េ​ខាងត្បូង​​​មួយចំនួន​ បានមើល​ឃើញ​ថា​ទីក្រុង​ព្យុងយ៉ាង​អាចនឹង​​បាញ់​សាកល្បង​​មីស៊ីល​​ប្រភេទនេះ​​ នៅអំឡុង​ថ្ងៃ លោក ដូណាល់ ត្រាំ ស្បថចូល​កាន់​​តំណែង​​ជា​ប្រធានាធិបតី​​អាមេរិក​​ទី៤៥ ជាផ្លូវការនៅ​ថ្ងៃសុក្រ (ម៉ោង​​នៅក្នុង​​រដ្ឋធានី​​វ៉ាស៊ីនតោន) យ៉ាងណាក្តី​ក៏មក​ទល់ពេល​នេះ​ គេពុំឃើញ​មាន​ការបាញ់​មីស៊ីល​ ឬសកម្មភាព​មិនប្រក្រតី​ណាមួយ​របស់​កូរ៉េខាងជើង​នោះ​ឡើយ។ នេះបើតាម​​ការចេញ​​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​​យ៉ុនហាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

ដោយឡែក​កាលពីថ្ងៃទី០៨ ខែមករា កន្លងទៅសារព័ត៌មានរដ្ឋ​កូរ៉េខាងជើង បានបញ្ជាក់បែបព្រមានថា កូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីល ICBM គ្រប់ពេលវេលាគ្រប់ទីកន្លែង​ឱ្យតែ លោក គីម ជុងអ៊ុន ដាក់បញ្ជាខណៈយោធាកូរ៉េខាងត្បូងក៏បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍​នេះ​ផងដែរថា​កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងមីស៊ីល ICBM នៅពេលដ៏ខ្លីខាងមុខនេះ។

ទន្ទឹមនឹងនេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun បាន​និយាយ​ចំៗ​ឱ្យសហរដ្ឋ​អាមេរិក​ថា​ «ការបាញ់​សាកល្បង​មីស៊ីល​ផ្លោង ICBM គឺជាការ​បង្កើន​សមត្ថភាព​ការពារ​ខ្លួនដ៏​ត្រឹមត្រូវ​ពីការគំរាម​កំហែង​ធ្វើសង្រ្គាម​នុយក្លេអ៊ែរ ពីសំណាក់សហ​រដ្ឋ​អា​មេ​រិក​​ប្រឆាំង​នឹង​ទីក្រុងព្យុងយ៉ាង ហើយ​ទីក្រុង​វ៉ាស៊ីនតោន ក៏គ្មាន​សិទ្ធិ​អ្វីមក​និយាយពី​ការបាញ់​សាកល្បង​នេះដែរ ពីព្រោះវា​កើតឡើងក៏ដោយ​សារ​តែ​នយោបាយ​ឈ្លាន​ពាន​របស់​សហរដ្ឋអាមេរិក ប្រឆាំងនឹង​កូរ៉េខាងជើង»

«យើងមិនខ្វល់ឡើយថាអ្នកដទៃនិយាយឬគិតយ៉ាងមេច ប៉ុន្តែការបាញ់សាកល្បងមីស៊ីលផ្លោង ICBM របស់យើងនឹង​ត្រូវ​ធ្វើ​ឡើង​តាម​ពេល​វេលា​ និងទីកន្លែង​ជាក់លាក់ឱ្យតែមេដឹកនាំ​របស់យើង​សម្រេចចិត្ត ឬដាក់បញ្ជា»។ នេះបើតាម​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun​។

គួររំលឹកថានៅទីបំផុតមហាសេដ្ឋីប្រចាំទីក្រុងញូយ៉កលោក ដូណាល់ ត្រាំ បានស្បថ​ឡើងកាន់​តំណែង​ជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក បន្តលោក​ បារ៉ាក់ អូបាម៉ា ហើយ ដែលពិធី​ទាំង​មូល​​រៀប​ចំ​ឡើង​នៅក្នុង​វិមាន Capital ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ជាក្បាល​ម៉ាស៊ីនដឹកនាំ​សហរដ្ឋអាមេរិក​ទាំងមូល នៅវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹង​ពេលវេលា​រំលងអធ្រាតឈានចូល​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជា និងបានប្រព្រឹត្តទៅយ៉ាងរលូនជាទីបំផុត៕