(វ៉ាស៊ីនតោន)៖ នាពេលនេះរដ្ឋមន្រ្តីការពារជាតិលោក James Mattis រួមនិងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិលោក John Kelly របស់សហរដ្ឋអាមេរិក ត្រូវបានតែងតាំងជាផ្លូវការឲ្យបម្រើនៅ ក្នុងជួររដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
ទីបំផុតមន្ទីរបញ្ចកោណទទួលបានមេដឹកនាំថ្មី ស្របពេលដែលព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេង ៩៨ ទល់ ១ ដើម្បីទទួលស្គាល់លោក James Mattis ជារដ្ឋមន្រ្តីការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងមួយដែលផ្តល់ឲ្យអតីតមេបញ្ជាការកងម៉ារីនរូបនេះ នូវករណីលើកពិសេសតែម្តងគត់ពីច្បាប់សហព័ន្ធ ដែលហាមឃាត់មិនឲ្យអតីតមន្រ្តីយោធាអាមេរិកដែលចូលនិវត្តន៍ក្រោមរយៈពេល០៧ឆ្នាំ កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិឡើយ ព្រោះថាលោក Mattis ទើបតែចូលនិវត្តន៍បានជិតបួនឆ្នាំប៉ុណ្ណោះ។
ដោយឡែកព្រឹទ្ធសភាក៏បានធ្វើការបោះឆ្នោតក្នុងសំឡេង៨៨-១១ផងដែរ ដើម្បីអនុញ្ញាតឲ្យលោក John Kelly ដែលជាអតីតមេបញ្ជាការកងម៉ារីនមួយរូបដែរនោះ បានក្លាយជារដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកជាផ្លូវការ។
គួរបញ្ជាក់ថាប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាមេដឹកនាំកំពូលនៃប្រទេសមហាអំណាចពិភពលោកមួយនេះ ដោយពុំមានមន្រ្តីដែលលោកបានជ្រើសរើសណាមួយត្រូវបានទទួលការឯកភាពឲ្យកាន់តំណែងជាផ្លូវការនោះឡើយ ប៉ុន្តែពេលនេះរដ្ឋមន្រ្តីពីររូបហើយ អាចចូលបម្រើក្នុងជួររដ្ឋាភិបាលថ្មីរបស់លោកជាផ្លូវការ បានចាប់ពីវេលានេះតទៅ៕