(វ៉ាស៊ីនតោន)៖ តាមការអង្កេតវាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ សម្រាប់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកថ្មីកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវអញ្ជើញទៅចូលរួមទាំងស្នាមញញឹមក្លែងក្លាយ នៅក្នុងពិធីស្បថឡើងកាន់តំណែងជាផ្លូវការរបស់លោក ដូណាល់ ត្រាំ នោះ។ នេះបើតាមខ្សែវីដេអូនៅក្នុងសារព័ត៌មាន Sky News បង្ហោះនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
ចាប់តាំងពីឈានជើងចូលវិមាន Capitol ដែលជាកន្លែងប្រារព្ធពិធីស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ លោកស្រី ហ៊ីលឡារី គ្លីនតុន អមដំណើរដោយស្វាមីគឺអតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន ត្រូវគេសង្កេតឃើញថា បានខិតខំតាំងស្មារតីឲ្យរឹងមាំ និងប្រឹងបង្ហាញស្នាមញញឹមនៅចំពោះមុខមនុស្សរាល់គ្នាដែលមានវត្តមាននៅក្នុងពិធីជាប្រវត្តិសាស្រ្តនោះ ប៉ុន្តែគេហាក់នៅដឹងថាលោកស្រី ក្តុកក្តួលខ្លាំងណាស់នាពេលនោះ ព្រោះស្វាមីលោកស្រីបានកាន់ដៃលោកស្រីយ៉ាងដែន ដែលហាក់ជាកម្លាំងជួយទប់អារម្មណ៍ក្តុលក្តួលនោះ។
ជាមួយគ្នានេះដែរទស្សនាវដ្តី People បានលើកឡើងថា «វាមិនមែនជាថ្ងៃងាយស្រួលសម្រាប់អ្នកគាំទ្រទាំងឡាយរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ឡើយជាពិសេសគឺរូបលោកស្រីផ្ទាល់តែម្តង ប៉ុន្តែលោកស្រីបានធ្វើវាពីព្រោះលោកស្រីគឺ ហ៊ីលឡារី គ្លីនតុន ហើយលោកស្រីបានបង្ហាញវត្តមានទីនោះដើម្បីគោរពលទ្ធិប្រជាធិបតេយ្យ និងតំណាងឲ្យការរក្សាតម្លៃខ្លួនឯងដែលលោកស្រីតែងតែប្រកាន់ខ្ជាប់»។
លោកស្រី គ្លីនតុន ក៏បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដូច្នេះដែរថា «ខ្ញុំនៅទីនោះនាថ្ងៃនេះគឺដើម្បីសម្តែងការគោរពចំពោះលទ្ធិប្រជាធិបតេយ្យ និងតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់វា ហើយគ្មានថ្ងៃដែលខ្ញុំនឹងមិនឈប់មានការជឿជាក់លើប្រទេសរបស់ពួកយើង ឬមួយក៏អនាគតរបស់ប្រទេសនោះឡើយ»។
ទោះជាបែបនេះក្តីលោកស្រី ក៏បានទទួលភាពកក់ក្តៅតាមរយៈការអោប និងការលើកទឹកចិត្តពីសំណាក់បុគ្គលជាច្រើននៅក្នុងពិធីនោះផងដែរ ជាពិសេសនោះគឺពីលោក ដូណាល់ ត្រាំ ដែលជាអតីតគូប្រជែងក្នុងការដណ្តើមតំណែងជាប្រធានាធិបតីអាមេរិកថែមទៀតផង។
គួរបញ្ជាក់ថានៅទីបំផុតមហាសេដ្ឋីប្រចាំទីក្រុងញូយ៉កលោក ដូណាល់ ត្រាំ ដែលបានចូលរួមការប្រកួតប្រជែងជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន អស់ជាច្រើនខែ និងបានទទួលជោគជ័យគឺការឈ្នះឆ្នោតដែលមនុស្សភាគច្រើនមិននឹកស្មានដល់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥នៃសហរដ្ឋអាមេរិកហើយ ដែលពិធីទាំងមូលរៀបចំឡើងនៅក្នុងវិមាន Capital ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាក្បាលម៉ាស៊ីនដឹកនាំសហរដ្ឋអាមេរិកទាំងមូល នៅវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹងពេលវេលារំលងអធ្រាតឈានចូលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជា៕