(រ៉ូម)៖ មកទល់ពេលនេះមនុស្សសរុបចំនួន១០នាក់ហើយ ត្រូវបានក្រុមជួយសង្រ្គោះរកឃើញថា នៅរស់រានមានជីវិតបន្ទាប់ពីពួកគេបានជាប់ខ្លួន នៅក្រោមគំនរនៃអគារសណ្ឋាគារឈ្មោះ Rogopiano ស្ថិតក្នុងតំបន់ Abruzzo ដែលបានបាក់រលំដោយសារផ្ទាំងព្រិលទឹកកកបាក់សង្កត់ ក្រោយគ្រោះធម្មជាតិរញ្ជួយផែនដីកំរិត៥.៤រ៉ិចទ័រ បានវាយប្រហារក្បែរទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ប៉ុន្តែមនុស្សចំនួនបួននាក់ផ្សេងទៀត ត្រូវបានអះអាងថា បានបាត់បង់ជីវិតខណៈបើតាមសេចក្តីរាយការណ៍បឋមថា មនុស្សប្រមាណ ៣០នាក់បានស្ថិតនៅក្នុងសណ្ឋាគារនេះមុននឹងហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអ៊ីតាលី គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលីហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះ ឥទ្ធិពលដល់តំបន់មួយចំនួនទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។ គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា ១០៖២៥នាទីព្រឹកថ្ងៃពុធ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រនៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់៣០០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត៦.០រ៉ិចទ័រ បានវាយប្រហារ លើតំបន់ Pitignano និង Montereale ស្ថិតចំងាយប្រមាណជា២០គីឡូម៉ែត្រ ពីភាគខាងត្បូងតំបន់ Amatrice។ ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella បានចាត់ទុកថា គ្រោះរញ្ជួយដីដែលបានវាយប្រហារលើតំបន់ Marche នៅថ្ងៃពុធនេះ គឺជាគ្រោះមហន្តរាយមួយហើយលោកក៏បាន អំពាវនាវឱ្យមានការផ្ដល់ជំនួយជាបន្ទាន់ផងដែរ។
ប្រជាជនអ៊ីតាលីត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចព្រោះអ្នកជំនាញជាច្រើនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបន្ថែមទៀតមិនមែនជារឿងពុំអាចទៅរួចនោះឡើយ បន្ទាប់ពីតំបន់ភាគកណ្តាលប្រទេសអ៊ីតាលីនាថ្ងៃពុធម្សិលមិញនេះ បានទទួលរងការរញ្ជួយខ្លាំងគួរសមបន្តបន្ទាប់គ្នា ដែលបានធ្វើឲ្យសំណង់ជាច្រើនរងការខូចខាត និងបង្ខំឲ្យប្រព័ន្ធគមនាគមន៍នៅក្នុងតំបន់ផ្អាកដំណើរការ ព្រមទាំងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន សាលារៀន និងកន្លែងធ្វើការរបស់ពួកគេជាប្រញាប់ប្រញាល់ទៀតផង៕