(វ៉ាស៊ីនតោន)៖ នៅអំឡុងថ្ងៃស្បថឡើងកាន់តំណែង នៅពេញមួយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នោះ មានការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាពី សំណាក់ក្រុមបាតុករមកពីគ្រប់ទិសទី ក៏បានកើតឡើងស្របពេលនៃពិធីដ៏ធំជាប្រវត្តិសាស្ត្ររបស់មហាអំណាចលេខ១ ពិភពលោកមួយនេះ ដោយសារតែក្រុមអ្នកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលបានចាញ់ឆ្នោត នៅតែកើតទុក្ខមិនសុខចិត្តចំពោះប្រធានាធិបតីជាប់ឆ្នោត ដែលបានស្បថឡើងកាន់តំណែងជាផ្លូវការទៅហើយ គឺលោក ដូណាល់ ត្រាំ។ នេះបើតាមខ្សែវីដេអូ ដែលចេញផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Sky News នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
បាតុកម្មពីដំបូងឡើយត្រូវបានគ្រោងរៀបចំឡើងដោយសន្តិវិធី ដោយមានការសរសេរបដាប្រឆាំង និងការដើរដង្ហែរក្បួនដើម្បីស្រែកមិនគាំទ្រ ចំពោះពិធីស្បថឡើងកាន់តំណែងប៉ុណ្ណោះ ប៉ុន្តែវាបានឈានទៅដល់ភាពក្តៅគគុក តាមរយៈការដុតឧបករណ៍ និងសម្ភារៈនានាដែលបង្កជាភ្នក់ភ្លើង និងផ្សែងខ្មួលខ្មាញ់យ៉ាងអណាធិបតេយ្យនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលជាបេះដូងនៃសហរដ្ឋអាមេរិកទាំងមូល និងជាទីកន្លែងដែលលោក ដូណាល់ ត្រាំ ធ្វើពិធីស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់អាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃឡើងស្បថឡើងកាន់តំណែងរបស់លោក ត្រាំ បាតុករសរុបជាង ២០០នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន ដោយសារតែពួកគេបានផ្ទុះការតវ៉ាខ្លាំងក្លា ឈានដល់ការបំផ្លាញសណ្តាប់ធ្នាប់សង្គម និងតដៃជាមួយសមត្ថកិច្ចថែមទៀត។ ដោយឡែកការតវ៉ានៅទីក្រុងឡូសអាន់ជែឡេស នៃរដ្ឋកាលីហ្វរញ៉ាវិញ គឺមិនបានបង្កជាបញ្ហាអ្វីធំដុំនោះឡើយ៕