(វ៉ាស៊ីនតោន)៖ នៅប៉ុន្មានម៉ោងក្រោយពីបានឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការចុះហត្ថលេខាជាលើដំបូងបំផុត នៅក្នុងការិយាល័យប្រធានាធិបតី Oval Office នៅឯសេតវិមាន ដើម្បីបង្គាប់ឲ្យលុបចោលច្បាប់ធានារ៉ាប់រងសុខភាព ObamaCare ដែលជាមរតករបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ដែរថា កាលពីអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មហាសេដ្ឋីអចលនទ្រព្យដែលបានក្លាយខ្លួនជាមេដឹកនាំប្រទេសមហាអំណាចរូបនេះ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងផ្លាស់ប្តូរច្បាប់ធានារ៉ាប់រងនេះចោលភ្លាមៗ នៅពេលដែលបានឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយនាពេលនេះលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមបំពេញការសន្យារបស់រូបលោក ចំពោះប្រជាជនអាមេរិកហើយ៕