(ហ្គាំប៊ី)៖ ទីបំផុតប្រធានាធិបតីហ្គាំប៊ី ដែលចាញ់ឆ្នោតលោក Yahya Jammeh បានយល់ព្រមថាលោក នឹងចុះចេញពីតំណែង ដែលសេចក្តីប្រកាសនេះបានធ្វើឡើងនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋហ្គាំប៊ី ហើយលោកក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «មិនចាំបាច់មានឈាមមួយតំណក់ត្រូវស្រក់ចុះនោះឡើយ»។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។
មុននឹងលោក Yahya Jammeh ព្រមថានឹងចុះចេញពីតំណែងដោយខ្លួនឯងនេះ មេដឹកនៃបណ្ដាប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិច នៅថ្ងៃសុក្របានទុកឱកាសតាមការស្នើសុំជាលើកចុងក្រោយ របស់ប្រធានាធិបតីចាញ់ឆ្នោតហ្គាំប៊ី លោក Yahya Jammeh ដើម្បីរៀបចំចុះចេញពីតំណែងដោយខ្លួនឯង ជាជាងត្រូវកងកម្លាំងនៅក្នុងតំបន់ចាប់បង្ខំឱ្យចុះចេញពីតំណែង។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយនេះដែរ កងទ័ពសេណេហ្គាល់ និងនីហ្សេរីយ៉ាបានសម្រេចចិត្តឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីប្រទេសហ្គាំប៊ីហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីគាំទ្រប្រធានាធិបតីជាប់ឆ្នោតលោក Adama Barrow ដែលបានស្បថចូលកាន់តំណែងជាផ្លូវការនៅឯស្ថានទូត ហ្គាំប៊ីប្រចាំទីក្រុងដាកា ប្រទេសសេណេហ្គាល់។ ទោះបីជាបែបនេះក្តី គេនៅមិនទាន់ដឹងថាតើលោក Jammeh ត្រូវការពេលប៉ុន្មានថ្ងៃទៀតទើបអាចរៀបចំចុះចេញពីតំណែងបាននោះឡើយ។
លោក Adama បានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ។ ក៏ប៉ុន្តែប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh ដែលគួរតែត្រូវចុះចេញពីតំណែង តាំងតែពីថ្ងៃពុធកន្លងទៅបានបដិសេធមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ជាហេតុធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់អាហ្វិ្រកខាងលិច ឬគេស្គាល់ថា Ecowas បានសម្រេចចិត្តថានឹងធ្វើអន្តរគមន៍ ជាមួយការដាក់ឱសានវាទត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងប្រទេសហ្គាំប៊ី) ឱ្យលោក Jammeh ចុះចេញពីតំណែងដោយខ្លួនឯង បើពុំដូច្នោះទេ ពួកគេនឹងប្រើប្រាស់កម្លាំងយោធាទម្លាក់លោកចេញពីតំណែង។
ចំណែកឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វិបត្តិនយោបាយនេះគួរតែត្រូវបានដោះស្រាយតាមរយៈផ្លូវនយោបាយ។ គួរបញ្ជាក់ថាការបដិសេធមិនព្រមចុះចេញពីអំណាចរបស់លោក Yahya Jammeh ត្រូវបានគាំទ្រដោយសភាជាតិហ្គាំប៊ី។ លោក Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតីហ្គាំប៊ី ចាប់តាំងពីមានរដ្ឋប្រហារនៅឆ្នាំ១៩៩៤មក ហើយរូបលោកត្រូវបានគេរំពឹងថា អាចនឹងរស់នៅនិរទេសខ្លួននៅក្នុងប្រទេសជិតខាងណាមួយ បើសិនជាលោកយល់ព្រមដោយខ្លួនឯង ឬត្រូវគេបង្ខំឱ្យចុះចេញពីតំណែងមែននោះ៕