(វ៉ាស៊ីនតោន)៖ ទីបំផុតមហាសេដ្ឋីប្រចាំទីក្រុងញូយ៉កលោក ដូណាល់ ត្រាំ ដែលបានចូលរួមការប្រកួតប្រជែងជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន អស់ជាច្រើនខែ និងបានទទួលជោគជ័យគឺការឈ្នះឆ្នោតដែលមនុស្សភាគច្រើនមិននឹកស្មានដល់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីហើយ ដែលពិធីទាំងមូលរៀបចំឡើងនៅក្នុងវិមាន Capital ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាក្បាលម៉ាស៊ីនដឹកនាំសហរដ្ឋអាមេរិកទាំងមូល នៅវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹងពេលវេលារំលងអធ្រាតឈានចូលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជា។
ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នេះមានវត្តមានចូលពីសំណាក់មន្ត្រីរដ្ឋបាលចាស់ គ្រប់ជាន់ថ្នាក់រួមទាំង អតីតប្រធានាធិបតីជាច្រើនរូប ជាពិសេសលោក បារ៉ាក់ អូបាម៉ា ដែលជាតួអង្គសំខាន់ក្នុងការចូលរួមកម្មវិធីនេះដើម្បីធ្វើការផ្ទេរអំណាចជាផ្លូវការ ចំពោះមុខក្រសែភ្នែកជាតិ និងអន្តរជាតិ ទៅកាន់លោក ដូណាល់ ត្រាំ។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរួចរាល់ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា និងភរិយា បានចាកចេញពី វិមានកាល់ពីតាល់ តាមរយៈឧទ្ធម្ភាគចក្រ។
តាមពិតទៅពិធីស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មិនមែនជារឿងប្លែកពីអាណត្តិមុនៗនោះឡើយ ដែលធ្វើឲ្យមនុស្សភាគច្រើនចាប់អារម្មណ៍ខ្លាំងបែបនេះ ប៉ុន្តែអ្វីដែលជាប្រវត្តិសាស្ត្រថ្មីនោះ គឺមហាសេដ្ឋីទីក្រុងញូយ៉ក ដែលមិនធ្លាប់មានបទសោធន៍ផ្នែកនយោបាយសោះ អាចមានឱកាសក្លាយជាមេដឹកនាំរបស់មហាអំណាចទី១លើពិភពលោក ដោយទទួលបានសំឡេងគាំទ្រពីប្រជាជនអាមេរិកដ៏ច្រើនលើសលុប៕