(រ៉ូម)៖ មនុស្សយ៉ាងហោចណាស់៦នាក់ ត្រូវបានគេជឿជាក់ថា នៅរស់រាន្តមានជីវិត បន្ទាប់ពីពួកគេបានជាប់ខ្លួននៅក្រោមគំនរនៃអគារសណ្ឋាគារ ដែលបាន បាក់រលំដោយសារផ្ទាំងព្រិលទឹកកកបាក់សង្កត់ ក្រោយគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៥.៤រ៉ិចទ័រវាយប្រហារទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ខណៈបើតាម សេចក្តីរាយការណ៍បឋមថា មនុស្សប្រមាណជា ៣០នាក់បានស្ថិតនៅក្នុងសណ្ឋាគារនេះ មុននឹងហេតុការណ៍នេះកើតឡើង។ ក៏ប៉ុន្តែអ្នកទាំង ៦នាក់នេះ ពុំទាន់ ត្រូវបានគេទាញចេញមកខាងក្រៅនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅមុននេះបន្តិវនារល្ងាចថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអ៊ីតាលី គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះ ឥទ្ធិពលដល់តំបន់មួយចំនួនទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។ គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា ១០៖២៥នាទីព្រឹកថ្ងៃពុធ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រនៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់៣០០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត៦.០រ៉ិចទ័រ បានវាយប្រហារ លើតំបន់ Pitignano និង Montereale ស្ថិតចំងាយប្រមាណជា២០គីឡូម៉ែត្រ ពីភាគខាងត្បូងតំបន់ Amatrice។ ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella បានចាត់ទុកថា គ្រោះរញ្ជួយដីដែលបានវាយប្រហារលើតំបន់ Marche នៅថ្ងៃពុធនេះ គឺជាគ្រោះមហន្តរាយមួយហើយលោកក៏បាន អំពាវនាវឱ្យមានការផ្ដល់ជំនួយជាបន្ទាន់ផងដែរ។
ប្រជាជនអ៊ីតាលីត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចព្រោះអ្នកជំនាញជាច្រើនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបន្ថែមទៀតមិនមែនជារឿងពុំអាចទៅរួចនោះឡើយ បន្ទាប់ពីតំបន់ភាគកណ្តាលប្រទេសអ៊ីតាលីនាថ្ងៃពុធម្សិលមិញនេះ បានទទួលរងការរញ្ជួយខ្លាំងគួរសមបន្តបន្ទាប់គ្នា ដែលបានធ្វើឲ្យសំណង់ជាច្រើនរងការខូចខាត និងបង្ខំឲ្យប្រព័ន្ធគមនាគមន៍នៅក្នុងតំបន់ផ្អាកដំណើរការ ព្រមទាំងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន សាលារៀន និងកន្លែងធ្វើការរបស់ពួកគេជាប្រញាប់ប្រញាល់ទៀតផង៕
សណ្ឋាគារ Rigopiano