(ហ្គាំប៊ី)៖ ក្រុមមេដឹកនាំ​​នៃបណ្ដាប្រទេស​ក្នុងតំបន់អាហ្រ្វិក​ខាងលិច នៅថ្ងៃសុក្រនេះបានទុក​ឱកាស​តាម​ការស្នើសុំ​ជាលើកចុង​ក្រោយ របស់​ប្រធានាធិបតី​ចាញ់​ឆ្នោតហ្គាំប៊ី លោក Yahya Jammeh ដើម្បីរៀបចំ​ចុះចេញពី​តំណែងដោយខ្លួនឯង ជាជាងត្រូវកងកម្លាំងនៅក្នុង​តំបន់​​ចាប់បង្ខំឱ្យចុះចេញពីតំណែង។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹង​វិបត្តិនយោបាយ​នេះដែរ កងទ័ព​សេណេហ្គាល់ និងនីហ្សេរីយ៉ាបានសម្រេច​ចិត្ត​ឆ្លងកាត់​ព្រំដែន​ចូល​​ទៅក្នុងទឹកដី​ប្រទេសហ្គាំប៊ី​ហើយ​នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ ដើម្បីគាំទ្រ​ប្រធានាធិបតីជាប់ឆ្នោតលោក Adama Barrow ដែលបានស្បថចូលកាន់តំណែងជាផ្លូវការនៅឯស្ថានទូត ហ្គាំប៊ីប្រចាំទីក្រុងដាកា ប្រទេសសេណេហ្គាល់។ ទោះបីជាបែបនេះក្តី គេនៅមិនទាន់ដឹងថាតើលោក Jammeh ត្រូវការពេលប៉ុន្មាន​ថ្ងៃទៀតទើបអាចរៀបចំចុះចេញពីតំណែងបាននោះឡើយ។

លោក Adama បានឈ្នះនៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយ​មាន​ការទទួល​ស្គាល់​ពីសំណាក់​សហគមន៍​អន្តរជាតិ។ ក៏ប៉ុន្តែប្រធានាធិបតី​ហ្គាំប៊ី លោក Yahya Jammeh ដែលគួរ​តែត្រូវចុះ​ចេញពី​តំណែង តាំងតែ​ពី​ថ្ងៃពុធកន្លងទៅបាន​បដិសេធ​មិនព្រមទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ ជាហេតុធ្វើឱ្យ​បណ្ដាប្រទេសក្នុង​តំបន់អាហ្វិ្រក​ខាងលិច ឬគេស្គាល់ថា Ecowas បានសម្រេចចិត្តថានឹងធ្វើអន្តរគមន៍ ជាមួយការដាក់ឱសានវាទត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងប្រទេសហ្គាំប៊ី) ឱ្យលោក Jammeh ចុះចេញពីតំណែងដោយខ្លួនឯង បើពុំដូច្នោះទេ ពួកគេនឹង​ប្រើប្រាស់កម្លាំង​យោធាទម្លាក់​លោកចេញ​ពី​តំណែង។

ចំណែកឯ​ក្រុមប្រឹក្សា​សន្តិសុខនៃអង្គការ​សហប្រជាជាតិ​បានសង្កត់ធ្ងន់ថា វិបត្តិនយោបាយនេះ​គួរតែត្រូវ​បាន​ដោះស្រាយ​តាមរយៈផ្លូវនយោបាយ។ គួរបញ្ជាក់ថា​ការបដិសេធមិនព្រមចុះចេញពី​អំណាចរបស់លោក Yahya Jammeh ត្រូវបានគាំទ្រ​ដោយសភាជាតិ​ហ្គាំប៊ី។ លោក Jammeh បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតីហ្គាំប៊ី ចាប់តាំងពីមាន​រដ្ឋប្រហារនៅឆ្នាំ១៩៩៤មក ហើយរូបលោកត្រូវបានគេរំពឹងថា អាចនឹងរស់នៅនិរទេសខ្លួន​នៅក្នុងប្រទេស​ជិតខាងណា​មួយ បើសិនជា​លោកយល់ព្រម​ដោយខ្លួនឯង ឬត្រូវគេបង្ខំ​ឱ្យចុះចេញពី​តំណែងមែននោះ៕