(តូក្យូ)៖ ប្រទេសជប៉ុនគ្រោងនឹងរៀបចំសមយុទ្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក នៅសប្តាហ៍ក្រោយនេះដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងស្ថានការណ៍បន្ទាន់ណាមួយ នៃការប៉ះទង្គិចគ្នារវាងយោធាចិន និងកោះតៃវ៉ាន់ក៏ព្រោះតែមួយរយៈចុងក្រោយនេះ មានការចល័តនាវាចម្បាំងជាច្រើនរបស់ចិន និងការប្រុងជើងការដោយយោធារបស់កោះតៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
កងកម្លាំងស្វ័យការពារ (យោធា) របស់ប្រទេសជប៉ុននឹងចាប់ផ្តើមសមយុទ្ធពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ រហូតដល់ថ្ងៃសុក្រ ដែលមានសហរដ្ឋអាមេរិកជាអ្នកអង្កេតការណ៍។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន ប្រាប់ទីភ្នាក់ងារព័ត៌មានក្យូដូ។ ទោះបីជាបែបនេះក្តី សមយុទ្ធនឹងមិនមានការចូលរួមដោយកងកម្លាំង ឬសព្វាវុធអ្វីឡើយ ដោយជប៉ុនគ្រាន់តែធ្វើការបញ្ជាតាមប្រព័ន្ធកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាជុំវិញគំរោងខាងលើនេះ មន្ត្រីក្រសួងការពារជាតិជប៉ុនបានសុំមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ ខណៈមន្ត្រីក្រសួងការបរទេសចិនបាននិយាយថា ជប៉ុនគួរតែគេចចេញឲ្យពីអ្វីដែលជារឿងផ្ទៃក្នុងរបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានលើកឡើងថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា បញ្ហារបស់តៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ យើងសង្ឃឹមថាជប៉ុននឹងប្រយ័ត្នខ្លួនឲ្យមែនទែនជាមួយ ពាក្យសម្តី និងសកម្មភាពនានា ហើយកុំធ្វើអ្វីដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព»៕