(វ៉ាស៊ីនតោន)៖ កម្មវិធីជជែកពិភាក្សាចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN ដែលនិយាយថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក ម៉ាច ភែន (Mike Pence) អាចនឹងត្រូវគេលួចធ្វើឃាតនៅថ្ងៃស្បថឡើងកាន់តំណែងនោះ គឺជាទង្វើមួយគ្មានទំនួលខុសត្រូវ និងឆ្កួតឡប់ជាទីបំផុត។ នេះបើតាមសម្តីអតីតមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកសារព័ត៌មានទូរទស្សន៍ CNN លោក Brian Todd នៅក្នុងកម្មវិធីជជែកពិភាក្សាមួយ បានលើកឡើងពីលទ្ធភាព និងផលវិបាកដែលអាចនឹងកើតឡើងនៅក្នុងករណីដែល លោក ដូណាល់ ត្រាំ និងលោក ម៉ាច ភែន ត្រូវបានគេលួចធ្វើឃាតនៅថ្ងៃស្បថចូលកាន់តំណែង។ ប៉ុន្តែជុំវិញការលើកឡើងនេះដែរ អតីតមន្ត្រីអាមេរិកផ្នែកសនិ្តសុខ លោក Justin Russell បានលើកឡើងថា «អ្នកដែលនិយាយអំពីសេណារីយ៉ូនៃការលួចធ្វើឃាត លោក ដូណាល់ ត្រាំ និង លោក ម៉ាច ភែន គឺជាមនុស្សមានគំនិតរវើរវាយ និងឆ្កួតឡប់បំផុត (...) ហើយការជជែកពិភាក្សាគ្នាពីសេណារីយ៉ូនេះ ក៏ជាគំនិតរវើរវាយសុទ្ធសាធផងដែរ ត្បិតអាជ្ញាធរសន្តិសុខអាមេរិកគ្រប់លំដាប់ថ្នាក់ តែងតែសហការគ្នាយ៉ាងល្អ ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ពោលបើនិយាយឱ្យចំការផ្ទេរអំណាចដោយសន្តិវិធី ត្រូវបានធ្វើឡើងដោយគ្មានអំពើហិង្សាម្ដងណាឡើយ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) ខណៈក្រុមបាតុកម្មរាប់សែននាក់ មកពីទូទាំងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចូលរួមធ្វើបាតុកម្មតវ៉ា ទ្រង់ទ្រាយធំមួយប្រឆាំងនឹងរូបលោកផងដែរ៕